ប្រទេសថៃកំពុងខ្វះគ្រែសង្គ្រោះបន្ទាន់និងវ៉ាក់សាំងក្រោយឆ្លងជាង៦ពាន់នាក់បន្ថែមនៅថ្ងៃសៅរ៍នេះ

អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃសៅរ៍នេះ បានរាយការណ៍អ្នកជំងឺកូវីដ១៩បានស្លាប់ចំនួន៤១នាក់ទៀត និងមនុស្ស៦.២៣០នាក់បានឆ្លងកូវីដ១៩ថ្មីនៅ២៤ម៉ោងកន្លងទៅ ។ចំនួននេះធ្វើកូវីដ១៩ឆក់យកជីវិតមនុស្សសរុប២.១៨២នាក់ និងចម្លងមនុស្ស២៧៧.១៥១នាក់ចាប់តាំងពីជំងឺនេះបង្ហាញវត្តមាននៅថៃមក។វាជាចំនួនឆ្លងខ្ពស់បំផុតដល់ថ្ងៃទី៣ជាប់គ្នា និងនាំអោយមានការបារម្ភអំពីខ្វះកន្លែងទទួលអ្នកជំងឺ និងការផ្គត់ផ្គង់វ៉ាក់សាំង។

ជាង៩០ភាគរយនៃការឆ្លងជាងសរុបនិង៩៥ភាគរយនៃការស្លាប់ត្រូវបានកត់ត្រាក្នុងអំឡុងការផ្ទុះកូវីដ១៩ចុងក្រោយនេះដែលបានចាប់ផ្តើមកាលពីខែមេសា ។ការស្លាប់៩៩៩នាក់កាលពីខែមិថុនាកន្លងទៅ វាខ្ពស់ជាងការស្លាប់ពេញមួយឆ្នាំ២០២០ដល់ទៅ១៥ដង។

ចំនួនអ្នកជំងឺកូវីដ១៩ចូលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់(ICU)និងប្រើឧបករណ៍ជំនួយសង្ហើមក៏កើននៅទូទាំងប្រទេសនៅ២សប្តាហ៍មកនេះ។មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃបាននិយាយថា ការឆ្លងថ្មី៣៩ភាគរយនៅក្រុងបាងកក ២៥នៅតាមបណ្តាខេត្តជុំវិញនិង៣៦ភាគរយនៅ៧១ខេត្តទៀត។

នៅបាងកក អាជ្ញាធរបានបង្កើតជំរំដាក់អ្នកកើតកូវីដ១៩ ដើម្បីបំបែកចេញពីសហគមន៍របស់គេ និងបន្ថែមគ្រែព្យាបាលអ្នកជំងឺធ្ងន់។ពួកអ្នករិះគន់បានចោទប្រកាន់រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា ថាបរាជ័យក្នុងការរកបានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់អោយប្រជាជនទាន់ពេល នៅពេលអ្នកជំនាញខាងជំងឺឆ្លង បាននិយាយថា ការមកដល់នៃវីរុសបំប្លែងខ្លួនចម្លងលឿនប្រភេទ ដែលតា នឹងរុញការឆ្លងអោយឡើងដល់១.៤០០នាក់ក្នុងមួយថ្ងៃនៅខែកក្កដានេះ និងកាន់តែច្រើននៅប៉ុន្មានខែខាងមុខ។

អ្នកជំនាញខាងជំងឺឆ្លងរូបនេះបាននិយាយថា អ្នកស្លាប់ភាគច្រើនជាមនុស្សចាស់និងមានជំងឺរ៉ាំរ៉ៃ ហើយបើសិនជាពួកគេបានចាក់វ៉ាក់សាំងវាអាចកាត់បន្ថយចំនួនស្លាប់បានច្រើននិងក៏ជួយសម្រាលតំរូវការគ្រែICUផងដែរ។

ប្រទេសថៃបានបិទជំរំកម្មករសំណង់រាប់រយនៅក្រុងបាងកកនិងបណ្តាខេត្តជុំវិញ តែចំនួនឆ្លងមិនបានចុះថយទេ រីឯសេដ្ឋកិច្ចប៉ះពាល់ធ្ងន់ធ្ងរ។ពយកអ្នកជំនាញការសុខភាពនិយាយថាបើចាក់វ៉ាក់សាំងអោយបានលឿនស្ថានភាពមិនធ្ងន់ធ្ងរដូចបច្ចប្បន្នទេ៕