ទាហានបង់ក្លាដែសល្បាតតាមដងផ្លូវក្នុងការបិទខ្ទប់ដ៏តឹងរ៉ឹងដើម្បីទល់ទល់នឹងកូវីដ១៩

កងទ័ពនិងប៉ូលិសបង់ក្លាដែសបានដើរល្បាតតាមដងផ្លូវទទេនៅថ្ងៃព្រហស្បតិ៍នេះ ខណៈការបិទខ្ទប់ដ៏តឹងរ៉ឹងដើម្បីទប់ទល់ការឆ្លងកូវីដ១៩ រយៈពេលមួយសប្តាហ៍បានចាប់ផ្តើម ដោយប្រជាជនត្រូវសម្ងំតែនៅក្នុងផ្ទះរបស់ពួកគេ លើកលែងតែមានករណីបន្ទាន់និងចេញទៅទិញរបស់ចាំបាច់។

រដ្ឋាភិបាលបាននិយាយថា ប្រទេសនៅអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ១៦៨ លាននាក់នេះកំពុងមើលឃើញការកើនឡើងនូវករណីឆ្លងកូវីដ “គួរឱ្យព្រួយបារម្ភនិងគ្រោះថ្នាក់”ដែលគេស្តីបន្ទោសទៅលើមេរោគកូរ៉ូណាបំប្លែងខ្លួនឈ្មោះ Delta ដែលមានកម្រិតឆ្លងយ៉ាងខ្ពស់។

មន្ទីរពេទ្យនានាកំពុងជួបការលំបាកជាពិសេសនៅក្នុងតំបន់ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា កន្លែងដែលមេរោគ Delta ត្រូវបានរកឃើញ។

ទីប្រជុំជននៅតាមជនបទមួយចំនួនមានអត្រាឆ្លង ៧០ ភាគរយ។នៅថ្ងៃដំបូងនៃការបិទខ្ទប់រយៈពេលមួយសប្តាហ៍នេះ ដងផ្លូវដែលធ្លាប់តែមានសភាពអ៊ូអររបស់ក្រុងដាក្កាមានភាពស្ងាត់ជ្រងំ ខណៈទាហានដើរល្បាតនិងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ។

មេប៉ូលិសក្រុងដាក្កាបានប្រាប់អ្នកយកព័ត៌មានថាជនណាដែលចាកចេញពីផ្ទះដោយគ្មានហេតុផលល្អនឹងត្រូវពិន័យហើយអាចប្រឈមនឹងការចាប់ខ្លួន។

លោក សាហ្វីគុល អ៊ីស្លាម និយាយថា “ប្រសិនបើយើងត្រូវកសាងសំណុំរឿងចំនួន ៥០០០ ករណីនិងចាប់ខ្លួនអ្នកទាំងនោះក្នុងមួយថ្ងៃ យើងនឹងធ្វើ”។

បង់ក្លាដែសរាយការណ៍ករណីឆ្លងសរុបជិត៩០ម៉ឺននាក់និងស្លាប់ជាង ១៤.៥០០ នាក់ ប៉ុន្តែអ្នកជំនាញនិយាយថាតួលេខស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ ព្រោះកន្លែងខ្លះមិនបានរាយការណ៍អស់នោះទេ៕