យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងជំទាវទី១លោកស្រី Jill Biden នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើដំណើរទៅកាន់ទីក្រុង Surfside នៃរដ្ឋ Florida ដែលជាកន្លែងដួលរលំ នៃខុនដូកម្ពស់១២ជាន់ ដើម្បីចូលរួមរំលែកទុក្ខដល់ដល់ក្រុមគ្រួសារ នៃអ្នកស្លាប់និងបាត់ខ្លួន ខណៈដែលចំនួនអ្នកស្លាប់កើនឡើងកាន់តែច្រើន។
ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ បានកើនឡើងដល់១៨ នាក់ហើយ ខណៈមនុស្ស ១៤៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
សូមបញ្ជាក់ថា អគារខុនដូ Champlain Towers South ដែលបានបាក់រលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដែលវាមានអាយុកាល ៤០ឆ្នាំ ហើយ ដោយមានបន្ទប់សរុប ១៣៦បន្ទប់ ហើយក្នុងចំណោមនោះ ៥៥បន្ទប់បានបាក់រលំ។
ទោះជាយ៉ាងណា មិនទាន់មានការរកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឲ្យកើតមានសោក នាដកម្ម រលំអគារខាងលើនេះទេ ខណៈការប្រឹងប្រែងជួយសង្គ្រោះ កំពុងបន្តប្រព្រឹត្តទៅនៅឡើយ។
ប៉ុន្តែបើតាមរបាយការណ៍ថ្មីមួយ ទើបត្រូវបានទម្លាយឲ្យដឹងថា កាលពីឆ្នាំ២០១៨វិស្វករមួយក្រុម បានធ្វើការត្រួតពិនិត្យ លើគុណភាពសំណង់អគារខុនដូមួយនេះ និងបានបង្ហាញការព្រួយបារម្ភ ចំពោះការប្រេះស្រាំផ្នែកខ្លះ ហើយក៏ធ្លាប់បានណែនាំឲ្យមាន ការជួសជុលឡើងវិញផងដែរ៕