ប្រជាពលរដ្ឋសង្ឃឹមថាចាប់ពេលនេះទៅសេវាប្រមូលសំរាមនៅភ្នំពេញប្រសើរជាងមុន

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុនប្រមូលសំរាម ចំនួន ៣ក្រុមហ៊ុន បានចាប់ផ្តើមប្រតិ បត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង ៣នេះ បានចែកតំបន់គ្នា ដើម្បីបម្រើសេវាសំរាម ក្រោយកែទម្រង់ជិតពីរឆ្នាំ គិតចាប់ពីខែតុលា ឆ្នាំ២០១៩។

ប្រតិបត្តិករថ្មីចំនួន បីក្រុមហ៊ុន ដែលបាន ចាប់ផ្តើមប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកក្កដាតទៅ រួមមាន៖ ទី១-ក្រុមហ៊ុន ៨០០ Super សហការជាមួយ GAEA ត្រូវផ្តល់សេវាក្នុងតំបន់ទី១ ដែលមាន ៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌ ឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។

ទី២-ក្រុមហ៊ុន Mizuda ត្រូវផ្តល់សេវា ក្នុងតំបន់ទី២ ដែលមាន ៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧ មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។
ទី៣-ក្រុមហ៊ុន ស៊ិនទ្រី Everbright (China) ត្រូវផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន ៤ខណ្ឌ គឺ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។

ចំពោះការចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃដំបូងនេះ ប្រជាពលរដ្ឋ បានសំណូមពរ ឪ្យក្រុមហ៊ុនសំរាម ដែលជាប្រតិបត្តិករថ្មីទាំងបីសូមប្រមូលសំរាម ឪ្យបានទៀងទាត់ ព្រោះថា កន្លងមក ក្រុមហ៊ុនស៊ីនទ្រី ទុកសំរាមចោរយូរថ្ងៃទម្រាំនឹងមកដឹកជញ្ជូន។

យ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវ នាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួន តាមការ កំណត់ឱ្យបានត្រឹមត្រូវ និងយោគយល់ចំពោះភាពរអាក់រអួល នៃការចាប់ផ្តើមដំបូងនេះ។

ភ្នំពេញ សព្វថ្ងៃ បានពង្រីកទឹកដីរហូតដល់ ១៤ខណ្ឌ ហើយមានប្រជាពលរដ្ឋ កើនដល់ជាង ៣លាននាក់ ដែលធ្វើឲ្យបរិមាណសំរាម ក៏កើនឡើង រហូតដល់ ២៨០០ តោន ទៅជាង ៣០០០ តោន ក្នុង មួយថ្ងៃ។

កន្លងមក មានតែក្រុមហ៊ុនស៊ីនទ្រីមួយប៉ុណ្ណោះ ជាអ្នកផ្តល់សេវាសំរាមផ្តាច់មុខ នៅភ្នំពេញ គិតចាប់តាំងពីឆ្នាំ២០០៨ តាំងពីកាលណោះ ភ្នំពេញ មានប្រជាជនតែជាងមួយលាន នាក់ ហើយសំរាម ដែលបញ្ចេញជារៀងរាល់ថ្ងៃ កាលណោះ មានតែប្រមាណជិត ១០០០តោន ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

យ៉ាងណាក៏ដោយ នៅថ្ងៃដំបូងនៃដំណើរការរបស់ក្រុមហ៊ុនថ្មី ២ថែម លើស៊ីនទ្រី គឺការងារប្រមូល ដឹកជញ្ជូនសំរាម បានធ្វើឡើងគ្រប់ទីកន្លែង តាមផ្លូវធំតូចនានា។ លើការងារនេះ អាជ្ញាធររាជធានី ភ្នំពេញ ពិសេសអាជ្ញាធរខណ្ឌសង្កាត់ គួរតែបន្តសហការជាមួយក្រុមហ៊ុនសំរាមនិមួយៗ ចាត់ចែង ពេលវេលា និងឲ្យភ្នាក់ងារក្រុមហ៊ុន ចុះយកសំរាមរៀងរាល់ថ្ងៃ ហើយបើមិនបានរាល់ថ្ងៃ ក៏សូមត្រឹម តែពីរទៅ បីថ្ងៃម្តងក៏បាន។ តែកុំឲ្យរហូតដល់មួយអាទិត្យម្តង។

ប្រជាពលរដ្ឋ គួរតែចូលរួមទុកដាក់ សំរាម កាកសំណល់របស់ខ្លួនឲ្យមានរបៀបជាងមុនបន្តិច។

ផ្ទះមួយៗ ត្រូវមានធុងសំរាម កញ្ឆេ ឬក៏ចងច្រកថងត្រឹមត្រូវ ដាក់នៅកៀនរបង មុខផ្ទះ ដើម្បីឲ្យភ្នាក់ងារប្រមូលសំរាម ងាយស្រួល លើកដាក់ឡាន។

សម្រាប់សំរាម ដែលគេបោះចោលពាសវាលពាសកាល តាមរបងសាលារៀន របងវត្ត ឬដីវាល ជាដើម ជាបន្ទុករបស់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ក្នុងភូមិសង្កាត់ និងខណ្ឌ ជាអ្នកដោះស្រាយ ដោយសហការជាមួយភ្នាក់ងារក្រុមហ៊ុនសំរាម។

ចលនាមហាជនក្នុងមូលដ្ឋាន សម្អាត កើបដាក់ ឡានសំរាម ហើយលើកស្លាក ហាមចោលសំរាម និងដាក់ស្លាកពិន័យជាប្រាក់ តាមច្បាប់កំណត់ ពី ១ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល ចំពោះអ្នកនិយមបោះចោលសំរាមផ្តេសផ្តាសដូច្នេះ។

ប្រជាពលរដ្ឋម្នាក់ៗ គួរតែមានអនាម័យ និងទុកសំរាមកន្លែងសមគួរ រង់ចាំឡានសំរាមមកយក ព្រោះថា បើយួរសំរាម ទៅបោះចោលផុតៗពីផ្ទះរបស់ខ្លួន ក៏នៅតែគេគិតលុយថ្លៃសំរាមដដែល រៀងរាល់ខែទេ។ ម្យ៉ាង អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសំរាម គួរតែដាក់ពង្រាយធុងសំរាម និង កំណត់កន្លែងចោលសំរាមក្នុងមូលដ្ឋាន សម្រាប់អ្នកមានផ្ទះ នៅផ្លូវតូចៗ ដែលឡានចូលមកដល់។

កាលណាមានធុងសំរាម និងកន្លែងទុកដាក់សំរាមហើយ ច្បាស់ណាស់ថា នឹងកាត់បន្ថយក្រុម អ្នកបោះចោលសំរាមផ្តេសផ្តាសបានហើយ។

ក្រៅពីនោះ ការដឹកជញ្ជូនសំរាមទៀងពេល រៀងរាល់ថ្ងៃ ឬក៏ ២ទៅ៣ថ្ងៃម្តង ក៏ត្រូវតែធ្វើទៀងទាត់ និងឲ្យបានគ្រប់ផ្លូវ មិនថា ផ្លូវតូច ឬផ្លូវធំនោះទេ។ ចូលរួមទាំងអស់គ្នា កុំទុកសំរាមនៅគរតាមផ្លូវ ព្រោះខែនេះ ជាខែភ្លៀង អាចនឹងបង្កជាការកកស្ទះ ពេលភ្លៀងលិចម្តងៗ ដែលនាំឲ្យកើតជារឿង កកស្ទះលូ នាំលំបាកមួយរឿងទៀត។

មានតែការចូលរួមទាំងអស់គ្នាទេ ទើបស្រុកយើងបានស្អាត។ នោះគឺចូលរួមទាំងប្រជាពលរដ្ឋ ទាំងអាជ្ញាធរសមត្ថកិច្ច និងទាំងក្រុមហ៊ុនប្រមូលសំរាម៕