សម្តេចតេជោ ហ៊ុន សែន ព្រមានអំពីវីរុសបម្លែងថ្មី(Delta) ដែលអាចបង្កជារលកទី៣នៃការឆ្លងរាលដាលកូវីដ១៩

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានពីវិរុសបម្លែងថ្មី(Delta)ដែលមានប្រភពពីឥណ្ឌាអាចបង្កជារលកទី៣បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងករណីដែលកម្ពុជាយើងមិនបានយកវិធានការទប់ស្កាត់បានទាន់ពេលវេលានោះទេ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សានិងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថ្លែងថា៖ «ការសង្ឃឹមថាកូវីដ១៩ ផុតរលត់វាមិនអាចទៅរួចនៅក្នុងរយៈពេលដ៏ខ្លីនោះទេ,ហើយប្រហែលជាវានៅជាមួយ យើងក្នុងរយៈពេលយូរប្រៀបដូចជាជំងឺគ្រុនផ្ដាសាយធំដែលវាតែង តែកើតសម្រាប់មនុស្ស។ដូច្នេះយើងត្រូវបន្តការខិតខំជាមួយនិងវិធានការថ្មីៗថែមទៀតដែលថ្ងៃនេះខ្ញុំសុំលើកចេញជាមួយនឹងយុទ្ធសាស្ត្រដើម្បីដាក់ជូនសម្រាប់ការអនុវត្តនៅពេលខាងមុខ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖បានបន្តថានៅក្នុងសភាពការណ៍ដែលលើកឡើងនូវព្រឹត្តិការណ៍រលកទី១ដែលមេរោគបម្លែងមកពីអង់គ្លេសចូលមក កម្ពុជាបញ្ហាវាបានកើតបែបនេះរួចស្រេចទៅហើយ ។ជាមួយគ្នានេះគេកំពុងតែឃើញថាវត្តមាននៃមេរោគថ្មីដែលមានប្រភពពីឥណ្ឌាក៏បានចូលមកដល់ប្រទេសជិតខាងយើងក៏ដូចជានៅក្នុងប្រទេសរបស់យើងដែរដែលហៅថាDeltaហើយមេរោគនេះទៀតសោតវាមានDeltaធម្មតានិងមេ រោគ Delta plus។អញ្ចឹងទេវាអាចនឹងចាប់ ផ្តើមនូវរលកទី៣ប្រសិនបើយើងមិនយកវិធានការទាន់ពេលវេលាទេនោះ ។

សម្តេចបន្តថានេះជាការបារម្ភមិនគ្រាន់តែកម្ពុជាទេគឺពិភពលោកទាំងមូលវាក៏នឹងមាន បញ្ហានេះដូចគ្នា។នៅក្នុងកិច្ចប្រជុំនោះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៦ និង វិធានការមួយចំនួនបន្ថែមរួមមាន៖ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំង ព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្តរហ័សនៅតាមព្រំដែន,ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវពង្រឹងនិងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័កឱ្យបានគ្រប់គ្រាន់ជាពិសេស ខេត្តជាប់ព្រំដែនថៃ,ធ្វើការព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី Delta និង ធ្វើចត្តាឡីស័កដាច់ពីគេហើត្រូវធ្វើដល់ ២១ ថ្ងៃ ។

ខិតខំ រកវិធីព្យាបាលអ្នកជំងឺហើយកាត់បន្ថយអ្នកស្លាប់រហូតឈានទៅដល់គ្មានអ្នកស្លាប់ដោយអនុវត្តនូវវិធានការមួយចំនួនរួមមានស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធ ភាពនិងពិនិត្យមើលការផ្តល់ថ្នាំឲ្យមានស្តង់ដារតែមួយនៅគ្រប់កន្លែងព្យាបាល,រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុកនិងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យ ខេត្តនិងស្រុកជាពិសេសរៀបចំឲ្យមានបន្ទប់សង្គ្រោះបន្ទាន់ ICU,ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែមដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។

ការរៀបចំយុទ្ធសាស្ត្រវ៉ាក់សាំងដែលត្រូវចាក់ប្រជាជនឲ្យបាន១០ នាក់ និង យកប្រទេសចិនធ្វើជាបង្អែកសម្រាប់យុទ្ធសាស្ត្រវ៉ាក់សាំងដោយសម្តេចអះអាងថាកម្ពុជានឹងទទួលបានវ៉ាក់ សាំងពីប្រទេសចិនប្រមាណជាង ២០ លានដូស ។

គួរបញ្ចាក់ជូនថាក្នុងខែមិថុនាកន្លងមកនេះកម្ពុជាបានរកឃើញករណីឆ្លងមេរោគបម្លែងថ្មីចំនួន ២២ ករណីដែលក្រសួងសុខាភិបាលបានលើកឡើងថាវាជាបញ្ហា ដែលគួរឲ្យព្រួយបារម្ភមួយពីព្រោះមេរោគឆ្លងថ្មីនេះមានសមត្ថភាពឆ្លងលឿន។ក្រសួងបានឲ្យដឹងថាការរកឃើញមេរោគបម្លែងថ្មីនេះគឺ៣ករណីដំបូងត្រូវបានរកឃើញនៅថ្ងៃទី៤ ខែមិថុនាបន្ទាប់មក ៧ ករណីទៀតត្រូវបានរកឃើញនៅថ្ងៃទី១៤ ខែមិថុនា,ហើយ១២ករណីទៀតត្រូវបានរាយការណ៍នៅថ្ងៃទី ២៥ខែមិថុនាដែលធ្វើឲ្យ ករណីឆ្លងវីរុស Delta សរុបមានចំនួន ២២ នៅក្នុងខែមិថុនានេះ៕