សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩បានព្រមានយ៉ាងដាច់ណាត់ចំពោះពេទ្យដែលបានដាក់ឈ្មោះចូលក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីតែបានចូលក្នុងក្របខ័ណ្ឌ តែមិនមកចូលរួមបំពេញការងារប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ គឺត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ ដោយគ្មានការយោគយល់។
ការព្រមានបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំង នឹងកការរាតត្បាតជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ការរីករាលដាលនៃជំងឺឆ្លងសាកលមួយនេះ មិនទាន់ស្រាកស្រាននៅឡើយនោះទេ ហើយប៉ុន្មានថ្ងៃ ចុងក្រោយនេះអត្រាឆ្លងនៃជំងឺកំពុងស្ទុះឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ ក្នុងនោះនៅថ្ងៃទី៣០ ខែមិថុនា កម្ពុជាបានរកឃើញអ្នកឆ្លងរហូតដល់ទៅជាង ១ពាន់នាក់។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលបានប្រឹងប្រែងដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីទប់ទល់ការរីករាលដាល និងបានប្រឹងប្រែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះកម្ពុជា រកបានវ៉ាក់សាំងបានជាង ១១លានដូស ហើយចាក់ជូនប្រជាពលរដ្ឋបាន ជាង ៤លាននាក់រួចហើយ។
ក្នុងអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហា ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា៖ «ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារនេះ (ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩) យើងបានឱ្យហើយចំនួនពេទ្យប៉ុន្តែលក្ខ ខណ្ឌដែលខ្ញុំឱ្យគឺទាល់តែអ្នកហ្នឹងស្ម័គ្រចិត្ត ធ្វើការនៅក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទើបឱ្យប្រសិនបើមានអ្នកណាមួយមិនព្រមលុបចេញពីក្របខ័ណ្ឌ បណ្តេញចេញក្រុគ្រូពេទ្យវិញ…! ព្រោះកាលដែលសុំជាង ៣០០០នាក់ គឺយើងបានលក្ខខណ្ឌជាមួយគ្នាថាឱ្យធ្វើកិច្ចការងារនេះ ចូលរួម កិច្ចការងារហ្នឹង ប្រយ័ត្នតែបានក្របខ័ណ្ឌហើយបែរជាមិនចូលរួមអនុញ្ញាតឱ្យលុបចេញពីក្របខ័ណ្ឌ»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា «ក្រសួងសុខាភិបាលធ្វើសំណើមករដ្ឋមន្ត្រីមុខងារ សាធារណៈ ហើយបញ្ជូនមកខ្ញុំ លុបចេញពីក្របខ័ណ្ឌ អត់មកនិយាយថាខ្ញុំស្ម័គ្រចិត្តមកចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទីចុងបញ្ចប់បានក្របខ័ណ្ឌហើយទៅណាឆ្កុយ គឺលុបចេញពីក្របខ័ណ្ឌ ហើយត្រូវដើរចេញ ហើយយើងរកអ្នកស្ម័គ្រចិត្តចូល»។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងបេក្ខជនស្ម័គ្រចិត្ដជួរមុខដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាង៤ពាន់នាក់ ត្រូវបានក្រសួងសុខាភិបាល ស្នើសុំទៅក្រសួងមុខងារសាធារណៈ ដើម្បីបញ្ចូលក្នុង ក្របខ័ណ្ឌមន្ត្រីរាជការ ក្នុងវិស័យសុខាភិបាល សម្រាប់ក្របខ័ណ្ឌឆ្នាំ២០២១៕