រលកម្តៅដ៏អាក្រក់បន្តវាយប្រហារកាណាដា និងអាមេរិក, មនុស្សស្លាប់កើនដល់ជាង ១៣០នាក់

យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ដោយបានបញ្ជាក់ប្រាប់អោយដឹងថា ប្រជាជនកាណាដារាប់លាននាក់ ដែលកំពុងរស់នៅ ភាគខាងលិចប្រទេស និងប្រជាជនស្ថិតនៅភាគពាយព្យ នៃសហរដ្ឋអាមេរិក ជាប់នឹងមហាសមុទ្រ ប៉ាស៊ីហ្វិក កំពុងតែទទួលរងនូវរលកកម្តៅដ៏អាក្រក់បំផុត (នឹងកើនដល់ ៤៩អង្សាសេ) ដោយករណី ស្លាប់ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់រាប់រយនាក់ហើយ។

សម្រាប់ប្រទេសកាណាដា គឺកំពុងរងគ្រោះធ្ងន់ធ្ងរខ្លាំង ដោយមនុស្សសរុប ១៣៤នាក់ហើយបានបាត់បង់ជីវិតនៅទីក្រុង វែនខូវើ (Vancouver) ខណៈអាជ្ញាធរបានអះអះអាងថា សុទ្ធតែជាប់ពាក់ព័ន្ធនឹងការកើនឡើង កម្តៅសីតុណ្ហ ភាព។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ បានលើកឡើងជុំវិញបញ្ហានេះថា «សីតុណ្ហ ភាពដែលបានកត់ត្រានៅសប្តាហ៍នេះ គឺមិនធ្លាប់មានពីមុនមក… មនុស្សជាច្រើនបានបាត់បង់ជីវិត ហើយហានិភ័យនៃភ្លើងឆេះព្រៃ ក៏ស្ថិតក្នុងកម្រិតខ្ពស់ផងដែរ…»។

ដោយឡែកនៅក្នុងទីក្រុង សៀតថល (Seattle) ភាគពាយព្យសហរដ្ឋអាមេរិក មនុស្សពីរនាក់ បានស្លាប់ ដោយពួកគេមានអាយុ ៦៥ឆ្នាំ និង ២៨ឆ្នាំ។ វេជ្ជបណ្ឌិតនៅទីក្រុងនេះបានបកស្រាយថា នៅពេលរាងកាយមនុស្សកើនឡើងកម្តៅ នោះកម្រិតឈាមរបស់ពួកគេ ក៏កើនឡើងផងដែរ ទើបបានជាចុងបញ្ចប់ពួកគេត្រូវស្លាប់៕