UNAIDS កោតសរសើរការខិតខំរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យសម្រេចជោគជ័យជាបន្ដបន្ទាប់ នៃអត្រាការឆ្លងមេរោគអេដស៍នៅកម្ពុជា

លោកស្រី វ្ល៉ាដានកា អានឌ្រីវ៉ា ( Vladanka ANDREEVA) នាយកប្រតិបត្ដិអង្គការ UNAIDS បានថ្លែងកោតសរសើរការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យសម្រេចបានជោគជ័យជាបន្ដបន្ទាប់នៃអត្រា នៃការឆ្លងមេរោគអេដស៍នៅកម្ពុជា ដែលបានបន្ដថយចុះជាលំដាប់រហូតដល់ ០.៥% នៅឆ្នាំ២០២០កន្លងទៅ។

ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញសម្ដែងការគួរសម និងជម្រាបលា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលលោកស្រីបញ្ចប់អាណត្ដិបេសកកម្មនៅកម្ពុជា, ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកស្រីបានថ្លែងបន្ដថា ក្នុងរយៈពេល៤ឆ្នាំនៃអាណត្ដិរបស់លោកស្រី បានសង្កេតឃើញថា ការគ្រប់គ្រង និងការដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ដ្រីរបស់ខ្លូន ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ គឺបានសម្រេចជោគជ័យជាបន្ដបន្ទាប់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគអេដស៍បន្ដថយចុះជាលំដាប់ ជាពិសេសការចម្លងមេរោគអេដស៍ពីម្ដាយ ទៅកូនក្នុងផ្ទៃ។

ជាការឆ្លើយតប រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណ លោកស្រី វ្ល៉ាដានកា អានឌ្រីវ៉ា នាយកប្រតិបត្ដិអង្គការ UNAIDS ក្នុងការផ្ដល់នូវប្រឹក្សា ឧបត្ថម្ភគាំទ្របច្ចេកទេស និងការជួយកៀរគរ រកជំនួយដើម្បីជួយដល់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ដែលធ្វើកម្ពុជាទទួលបានជោគជ័យជាបន្ដបន្ទាប់។ ជាពិសេសការកាត់បន្ថយជំងឺអេដស៍លឿនគូរឱ្យកក់សម្គាល់។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា «យើងសង្កេតឃើញថា ពីមុនយើងមានការឆ្លងរាលដាលជំងឺអេដស៍ច្រើន តែប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានថយចុះបន្ដបន្ទាប់ ដោយកន្លងមក អ្នកផ្ទុះមេរោគអេដស៍ ត្រូវសម្រាកព្យាបាលថែទាំនៅមន្ទីរពេទ្យ ប៉ុន្ដែបច្ចុប្បន្ននេះ គឺព្យាបាលនៅតាមផ្ទះ»។

លើសពីនោះ ជំងឺអេដស៍ នឹងមិនមែនជាបញ្ហាសុខភាពសាធារណៈទៀតនោះទេ។ នេះបង្ហាញឱ្យឃើញថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំទូលាយ និងពហុវិស័យពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន ដែលធ្វើកម្ពុជាសម្រេចបានជោគជ័យទៅតាមផែការយុទ្ធសាស្ដ្រ។

សូមបញ្ជាក់ថា អត្រានៃការឆ្លងមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា បានបន្ដថយចុះជាលំដាប់ពី ១.៨% នៅឆ្នាំ១៩៩៨, ១.២% នៅឆ្នាំ២០០៥, ០.៦% នៅឆ្នាំ២០១៧ និង០.៥% នៅឆ្នាំ២០២០។ ជាមួយគ្នានេះ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់ យ៉ាងច្បាស់លាស់ នូវគោលដៅសូន្យបី គឺ «គ្មានការឆ្លងមេរោគអេដស៍ថ្មី», «គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍» និង «គ្មានការស្លាប់ដោយសារជំងឺអេដស៍» នៅត្រឹមឆ្នាំ២០២៥៕