ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បង្ហាញពីការប្ដេជ្ញាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារតាមប្រព័ន្ធអនឡាញ ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរីប្រចាំកម្ពុជា។

ក្នុងកិច្ចជំនួបនោះលោកស្រី Teo Lay Cheng បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ និងបង្កលក្ខណៈឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយបន្ថែមទៀត រវាងអាជ្ញាធររូបិយវត្ថុសិង្ហបុរី និងធនាគារជាតិនៃកម្ពុជា។

ឯកឧត្តម ទេសាភិបាល បានសម្តែងការរីករាយ និងស្វាគមន៍ដែលលោកស្រី Teo Lay Cheng មកបំពេញទស្សនកិច្ច ក្នុងនាមជាឯកអគ្គរដ្ឋទូត នៃប្រទេសសិង្ហបុរីប្រចាំកម្ពុជា និងរំពឹងថាកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសនៅក្នុងវិស័យធនាគារ បន្តរីកចម្រើនទៅមុខទៀត ដើម្បីជួយគាំទ្រ និងរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ជា ចាន់តូ បានជម្រាបជូនលោកស្រី ឯកអគ្គរដ្ឋទូត ពីស្ថានភាពបច្ចុប្បន្ននៃ សេដ្ឋកិច្ចកម្ពុជា និងបញ្ហាប្រឈមនានា ព្រមទាំងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសិង្ហបុរី និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលកន្លងមកបានផ្តល់កិច្ចសហការ ជាមួយធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងនវានុវត្តន៍ហិរញ្ញវត្ថុ (Financial Innovation) និងជួយធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក ក្រោមរូបភាពជា Partner City នៃកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី (Singapore FinTech Festival ) ឆ្នាំ២០២០ ប្រកបដោយជោគជ័យ។

លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះធនាគារជាតិនៃកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការល្អប្រសើរ ជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី ព្រមទាំងបានសម្តែងការអបអរសាទរ ចំពោះលោកទេសាភិបាល ដែលត្រូវបានទស្សនាវដ្តីអន្តរជាតិ មានទីតាំងនៅប្រទេសអង់គ្លេសផ្តល់ចំណាត់ថ្នាក់ជា ថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នើមឆ្នាំ២០២១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមទេសាភិបាល៥រូបនៅលើពិភពលោក។

លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលប្រព័ន្ធធនាគារកម្ពុជា សម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់ទេសាភិបាល ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច៕