ឧត្តមសេនីយ៍កំពូលអាម៉េរិកម្នាក់នៅប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារទី២៩មិថុនាបានផ្តល់ការវាយតម្លៃយ៉ាងម៉ឺងម៉ាត់ចំពោះស្ថានភាពសន្តិសុខដែលកំពុងយ៉ាប់យ៉ឺនរបស់ប្រទេសនេះ ខណៈដែលអាម៉េរិកកំពុងចាកចេញពី “សង្គ្រាមគ្មានទីបញ្ចប់”។
ឧត្តមសេនីយ៍អូស្ទីន អេស មីលល័រ បាននិយាយថា ការបាត់បង់ស្រុកជាច្រើនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសទៅក្នុងដៃពួកតាលីបង់ ដែលស្រុកភាគច្រើនមានតម្លៃយុទ្ធសាស្ត្រនោះគឺពិតជាគួរឱ្យព្រួយបារម្ភណាស់។
លោកក៏បានព្រមានផងដែរថា កងជីវពលដែលបានដាក់ពង្រាយដើម្បីជួយដល់កងសន្តិសុខជាតិអាហ្វហ្គានីស្ថាន អាចនាំប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។
លោកនិយាយថា “សង្គ្រាមស៊ីវិលគឺពិតជាមាគ៌ាដែលយើងអាចមើលឃើញច្បាស់ជាងគេ ប្រសិនបើស្ថានភាពនៅតែបន្តនៅលើគន្លងដូចឥឡូវនេះ ដែលនេះជារឿងគួរឱ្យព្រួយបារម្ភរបស់ពិភពលោក”។លោកមីលល័រក៏បានប្រាប់អ្នកសារព័ត៌មានមួយក្រុមតូចនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានថាសម្រាប់ពេលនេះលោកមានអាវុធនិងសមត្ថភាពក្នុងការជួយដល់កងកម្លាំងការពារជាតិនិងសន្តិសុខរបស់អាហ្វហ្គានីស្ថាន។
លោកបាននិយាយថា “អ្វីដែលខ្ញុំមិនចង់ធ្វើគឺការប៉ាន់ស្មានឃើញនូវអ្វីដែលអាចនឹងកើតឡើងក្នុងពេលអនាគត”។អ្នកនាំពាក្យសេតវិមានលោកស្រី ជែន ភីសាគី បាននិយាយថា នៅក្នុងកិច្ចប្រជុំនៅឯសេតវិមានកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីអាស្រាហ្វ ហ្គានី និងលោក អាប់ឌុលឡា អាប់ឌុលឡាដែលជាមន្ត្រីអាហ្វហ្គានីស្ថានមានភារកិច្ចធ្វើឱ្យមានសន្តិភាពជាមួយពួកតាលីបង់ ប្រធានាធិបតីចូ បៃដិនបាននិយាយថា សហរដ្ឋអាម៉េរិកប្តេជ្ញាចិត្តផ្តល់ជំនួយមនុស្សធម៌និងសន្តិសុខដល់អាហ្វហ្គានីស្ថាន។
ប៉ុន្តែប្រធានាធិបតីក៏បាននិយាយផងដែរថាការរក្សាទាហានអាម៉េរិកនៅអាហ្វហ្គានីស្ថានគឺប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិភាពដែលរដ្ឋបាលត្រាំបានចរចាជាមួយពួកតាលីបង់ហើយនោះមិនមែនជាហានិភ័យដែលគាត់បានត្រៀមដើម្បីទទួលយកនោះទេ។
លោកស្រីភីសាគីនិយាយថា “ដោយហេតុថាកាលកំណត់ដកទ័ពត្រូវបានដាក់ចេញដោយរដ្ឋបាលមុនថាប្រសិនបើយើងមិនដកកងទ័ពរបស់យើងទេនោះបុរសនិងស្ត្រីអាម៉េរិកនឹងត្រូវប្រឈមនឹងបាញ់ប្រហារនៅនឹងកន្លែង នោះមិនមែនជាអ្វីដែលប្រធានាធិបតី (បៃដិន) ក្នុងនាមជាអគ្គមេបញ្ជាការ មានអារម្មណ៍ទទួលយកបាននោះទេ”។
ទីក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកតាលីបង់នៅខែកុម្ភៈឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះបានដាក់ចេញការសន្យានៃការដកទ័ពអាម៉េរិកចេញនិងការប្តេជ្ញាចិត្តដោយពួកតាលីបង់ដើម្បីធានាថាអាហ្វហ្គានីស្ថាននឹងមិនផ្តល់កន្លែងដល់ពួកសកម្មប្រយុទ្ធដែលអាចប្រើទឹកដីនេះមកវាយប្រហារសហរដ្ឋអាម៉េរិកនាពេលអនាគត។ ព័ត៌មានលម្អិតនៃការប្តេជ្ញាចិត្តទាំងនោះមិនដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះឡើយ៕