ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយក្រសួង បរិស្ថាន និងអង្គការ UNIDO ដោយបានទទួលជំនួយឧបត្ថម្ភ ពីទីភ្នាក់ងារបរិស្ថានពិភពលោក (Global Environmental Facility-GEF) កំពុងអនុវត្តគម្រោងស្តីពី «អភិវឌ្ឍន៍ដែលបញ្ចេញ កាបូនតិច ដើម្បីផលិតភាព និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរ បច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST-Transfer of Environmentally Sound Technology methodology) បានរៀបចំពិធីសំណេះសំណាលតាមរយៈប្រព័ន្ធអនឡាញ ជាមួយក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលជាដៃគូចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុវត្តគម្រោងចំនួន៣៥មូលដ្ឋាន ក្រោមអធិបតីភាពលោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងឲ្យលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានអ្នកចូលរួមចំនួន៧១រូប មកពីក្រសួងឧស្សាហកម្ម, ក្រសួង បរិស្ថាន, អង្គការ UNIDO និង ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលជាដៃគូសហការអនុវត្ត គម្រោង។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមយ៉ាងសកម្ម និងកំពុងទទួលបានជោគជ័យជាផ្លែផ្កា ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្តោតលើការ កែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យដែលជាការងារអាទិភាព។
វិស័យឧស្សាហកម្មបានអភិវឌ្ឍ ក្នុងទិសដៅមួយដែលមានកំណើនជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យដ៏ត្រឹមត្រូវ និងផ្អែកលើគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលនយោបាយដ៏មានសារសំខាន់មួយ ក្នុងការអភិវឌ្ឍន៍ប្រទេសរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិ បន្តរីកចម្រើននិងរក្សាបាននូវកំណើន ក្នុងរង្វង់៧% ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយ ហើយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ដោយបានជួយអូសទាញវិស័យផ្សេងៗជា ច្រើនទៀត ឲ្យមានការរីកចម្រើនព្រមគ្នាផងដែរ។
អស់រយៈពេលជិត២ឆ្នាំចុងក្រោយនេះ ដែលពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ដែលបានបង្កជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មាន ពីមុនមកលើសង្គមនិងសេដ្ឋកិច្ច ដែលធ្វើឲ្យវិស័យឧស្សាហកម្មរបស់យើង ក៏មានការថយចុះផងដែរ។ វិស័យឧស្សាហកម្មរួមបញ្ចូលសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានរីកដុះដាលយ៉ាងខ្លាំង និងបានចូលរួម ចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ការអភិវឌ្ឍវិស័យទាំងពីរខាងលើ សម្រាប់ជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយក៏មានផលអវិជ្ជមានផង ដែរ ដូចជាការរីកលូតលាស់ខ្លាំងពេក ធ្វើឲ្យមានបញ្ហាប្រឈមលើផលប៉ះពាល់បរិស្ថាន និងសង្គមនៅពេលកំពុងអភិវឌ្ឍ។
កាកសំណល់មួយចំនួនរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ត្រូវបានបង្ហូរចូលប្រព័ន្ធលូ និងទន្លេដោយមិនបានធ្វើប្រព្រឹត្តិកម្មគ្រប់គ្រាន់ ឬត្រឹមត្រូវ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវការវិធីសាស្ត្រមួយចំនួន ដើម្បីវាយតម្លៃនិងកំណត់អាទិភាពរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ពីបណ្តាលមកពីសកម្មភាពផ្សេងៗពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងនោះ។
សម្រាប់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងប្រកបដោយកិត្តិបណ្ឌិតរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទទួលបាននូវការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ដោយក្នុងនោះ អង្គការ UNIDO កំពុងតែឈានមុខគេក្នុងការសហការជាមួយក្រសួង តាមរយៈការអនុវត្តគម្រោងជាច្រើន ដើម្បីជួយអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ និងជានាយកគម្រោង បានលើកឡើងថា តាមផែនការ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ដែលមានរយៈពេល៤៨ខែ ប៉ុន្តែដោយ សារការរីករាលដាល នៃជំងឹកូវីដ ទើបគម្រោងត្រូវបានពន្យាពេលរហូតដល់ចុងឆ្នាំ២០២២ ដែលនឹង អនុវត្តនៅតាមក្រុមហ៊ុន រោងចក្រ និងសហគ្រាស ជាដៃគូគម្រោងសរុបទាំងអស់៥០មូលដ្ឋាន ដែលមានទីតាំងនៅតាមបណ្តាលខេត្ត ជុំវិញរាជធានីភ្នំពេញ ខេត្តព្រះសីហនុ បាត់ដំបងជាដើម។
ដោយឡែក មកដល់ពេលនេះ គម្រោងបានចុះហត្ថលេខាអនុវត្តគម្រោងជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសជាដៃគូបានចំនួន៣៥ មូលដ្ឋាន។
គម្រោងនេះបានបង្ហាញនូវប្រសិទ្ធភាព របស់វិធីសាស្ត្រចម្រុះ TEST ក្នុងវិស័យឧស្សាហកម្ម ក្នុងការកាត់បន្ថយ ការប្រើប្រាស់វត្ថុធាតុដើម គ្រឿងផ្សំ ថាមពលអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងកាកសំណល់ ដែលបានបញ្ចេញ ដើម្បីបង្កើនផលិតភាព និងគុណភាពរបស់ផលិតផល ព្រមទាំងធ្វើការការពារបរិស្ថានផងដែរ។ វិធីសាស្ត្រ TEST គឺជា វិធីសាស្ត្រចម្រុះ ដែលមានរួម បញ្ចូលវិធីសាស្ត្រមួយចំនួនដូចជា៖ ការជ្រើសរើសបច្ចេកវិទ្យាសមស្រប ដើម្បីប្រើប្រាស់ធនធានឲ្យ មានប្រសិទ្ធភាព និងផលិតកម្មស្អាត រួមជាមួយកម្មវិធីប្រព័ន្ធគ្រប់គ្រងចំនួនបីទៀតគឺ គណនេយ្យ ភាពគ្រប់គ្រងបរិស្ថាន (Environmental Management Accounting) ប្រព័ន្ធគ្រប់គ្រង បរិស្ថាន(Environmental Management System) និងការទទួលខុសត្រូវសង្គមរបស់ សាជីវកម្ម(Corporate Social Responsibility)។
ការអនុវត្តវិធីសាស្ត្រចម្រុះ TEST នៅតាមមូលដ្ឋានរបស់រោងចក្រ សហគ្រាសត្រូវបានអនុវត្តតាមយៈ សកម្មភាព ដូចខាងក្រោម៖
• ការសិក្សាលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការវិភាគសេដ្ឋកិច្ចស្តីពីការអនុវត្តបច្ចេកវិទ្យា បញ្ចេញ កាបូន តិច នៅតាមបណ្តារោងចក្រ សហគ្រាសទាំងនោះ។
• ការសិក្សាលើសុវត្ថិភាពឧស្សាហកម្មពាក់ព័ន្ធគ្រឿងចក្រ គ្រឿងម៉ាស៊ីន នៅក្នុងរោងចក្រ សហគ្រាស ទាំងអស់។
• ការសិក្សាលើ ការប្រើប្រាស់សារធាតុគីមីនៅក្នុងរោងចក្រ សហគ្រាស។
• ការសិក្សាអំពី ប្រសិទ្ធភាពថាមពលក្នុង វិស័យឧស្សាហកម្ម នៅក្នុងរោងចក្រ សហគ្រាស។
• ការអនុវត្តវិធីសាស្ត្រ ស៥ របស់មជ្ឈមណ្ឌលផលិតភាពជាតិដល់រោងចក្រ សហគ្រាស។
• ការផ្តល់ប្រឹក្សាយោបល់ អំពីការផ្ទេរបច្ចេកវិទ្យាថ្មីៗ ដល់រោងចក្រ សហគ្រាស។
• ការរៀបចំកម្មវិធីសិក្សាជាប្រចាំដល់បុគ្គលិក កម្មករ រោងចក្រ សហគ្រាសអំពីបច្ចេកទេស បច្ចេកវិទ្យា និងវិធីសាស្ត្រទាំងអស់ខាងលើ របស់វិស័យឧស្សាហកម្ម ដើម្បីជួយគាំទ្រការអភិវឌ្ឍប្រទេសជាតិ។
វិធីសាស្ត្រចម្រុះ TEST ជួយជម្រុញក្រុមហ៊ុនឱ្យមានភាពរីកចំរើនផ្នែកគ្រប់គ្រងបរិស្ថាន និងភាពប្រកួតប្រជែង ហើយជួយកែប្រែដំណើរការផលិតកម្មការអនុវត្តការគ្រប់គ្រង និងទស្សនៈវិស័យរបស់ក្រុមហ៊ុន ដើម្បីធានាបាននូវនិរន្តភាព នៃកិច្ចអនុវត្តបៃតងនិងធានាដំណើរការផលិតដ៏ប្រសើរបំផុត។ ជាងនេះទៅទៀតតាមរយៈការចូលរួមជាមួយគម្រោង បុគ្គលិកក្រុមហ៊ុនបានទទួលនូវការបណ្តុះបណ្តាល ជាបន្តបន្ទាប់ដើម្បីទទួលបានភាពរីកចម្រើន និងប្រសិទ្ធផល ការងារ ប្រសើរបំផុត ព្រមទាំងមានសមត្ថភាពក្នុងការសិក្សា និងវិភាគបន្ថែមដោយខ្លួនឯងក្នុងការរិះរក មធ្យោបាយ ប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត។
ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសដែលជាដៃគូអនុវត្តគម្រោងក៏ដូចជា ក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គម្រោងដោយបាន ទទួលការគាំទ្រពី លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្កើតនូវ «កម្មវិធីពាន រង្វាន់ឧស្សាហកម្មបៃតងកម្ពុជា» សម្រាប់ផ្តល់ឱកាសដល់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ទាំងអស់ចូលរួមប្រកួតប្រជែង ដណ្តើមយកពានរង្វាន់ ដែលមានបីកម្រិតពាន៖គឺ កម្រិតពានមាស, ពានប្រាក់ និងពានសំរឹទ្ធ ដែលកំពុងប្រកាសជូនដំណឹងដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ដាក់ពាក្យរហូតដល់បំណាច់ខែកក្កដា ឆ្នាំ២០២១។
ក្នុងន័យនេះ សូមឲ្យម្ចាស់រោងចក្រ-សហគ្រាសទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធីសាស្ត្រទាំង អស់នេះ ដើម្បីក្រុមហ៊ុន រោងចក្រ និងសហគ្រាសរបស់លោក-លោកស្រីទាំងអស់ឈាន ទៅ ប្រកួតប្រជែងយកពានរង្វាន់ឧស្សាហកម្ម បៃតងសម្រាប់វិស័យឧស្សាហកម្មរបស់យើង ឲ្យទទួលបានជោគជ័យសម្រាប់ ខ្លួនឯងផង និងសង្គមសេដ្ឋកិច្ចផង ពិសេសដើម្បីជួយជម្រុញ វិស័យឧស្សាហកម្មឈាន ទៅរកការអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕