កងទ័ពអាមេរិករងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅស៊ីរី ក្រោយការវាយប្រហារតាមផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់

កងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី បានរងការវាយប្រហារដោយរ៉ុក្កែតជាច្រើនគ្រាប់ នៅថ្ងៃចន្ទសប្ដាហ៍នេះដែលទំនងជាការសងសឹក ពីសំណាក់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ ចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកលើមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

អ្នកនាំពាក្យយោធាអាមេរិក លោកវរសេនីយឯក វេនី ម៉ារ៉ូតតូ (Wayne Marotto) មិនបានបញ្ជាក់លម្អិតពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតខាងលើនោះទេ ដោយគ្រាន់តែឱ្យដឹងថាមិនមានកងទ័ពអាមេរិកណាម្នាក់រងរបួសនៅក្នុងការវាយប្រហារនេះទេ រីឯការបំផ្លិចបំផ្លាញកំពុងស្ថិតនៅក្រោមការវាយតម្លៃ នៅឡើយ។

ដោយឡែក ប្រភពជាច្រើននៅក្នុងទីក្រុង Deir al Zor ភាគខាងកើតប្រទេសស៊ីរីក៏បានឱ្យដឹងដែរថាក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់បានបាញ់គ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់លើតំបន់ស្ថិតនៅក្បែរតំបន់ប្រេង al Omar ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយ សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា យោធាអាមេរិកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ត្រូវបានគេរាយការណ៍ថាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើឃ្លាំងស្ដុក អាវុធចំនួន២របស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់នៅស៊ីរី និងមួយកន្លែងទៀតនៅក្នុងប្រទេសអ៉ីរ៉ាក់។ ចំណែកឯ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានអះអាងថាការវាយប្រហារនេះក៏បានផ្ដាច់ជីវិតក្រុមសកម្មប្រយុទ្ធយ៉ាងហោច៥នាក់ផងដែរ។

ការវាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងតាមបញ្ជាដោយផ្ទាល់ពីលោកចូ បៃដិន ហើយវាជាលើកទី២ដែលលោកបានចេញបញ្ជាឱ្យ បើកការវាយប្រហារបែបនេះលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក៕