ប្រទេសអ៊ីស្រាអែលប្រាប់សហរដ្ឋអាមេរិកថាខ្លួននៅតែសង្ស័យ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថ្មី លោក Yair Lapid បានប្រាប់សមភាគីអាមេរិករបស់លោក គឺលោក Antony Blinken ថាភាគីអ៊ីស្រាអែលពិតមាន ការសង្ស័យជាខ្លាំងចំពោះកិច្ចចរចាស្ដីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស។

បើតាមក្រុមមន្ត្រីអាមេរិក នៅក្នុងជំនួបទល់មុខជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលអ៊ីស្រាអែលថ្មីស្បថចូលកាន់តំណែងកាលពីជាង២សប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងលោក Lapid បានពិភាក្សាគ្នាប្រកបដោយភាពកក់ក្ដៅ និងវិជ្ជមាន ហើយលោក Lapid ផ្ទាល់ក៏បាន សន្យាផងដែរថានឹងជួសជុលឡើងវិញនូវកំហុសដែលកើតមាននៅក្នុងទំនាក់ទំនងរវាងអាមេរិក និងអ៉ីស្រាអែលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក៏ប៉ុន្តែ លោក Lapid នៅតែបង្ហាញកង្វល់ដដែលចំពោះកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Lapid បានគូសបញ្ជាក់ដូច្នេះថា៖ «អ៉ីស្រាអែល ពិតជាមានការសង្ស័យជាខ្លាំងចំពោះកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឯទីក្រុងវីយ្យែន ដោយពួកយើងជឿជាក់ថាកិច្ចពិភាក្សាគួរតែធ្វើឡើងតាម កិច្ចសន្ទនាដោយផ្ទាល់ និងប្រកបដោយវិជ្ជាជីវៈ មិនមែនធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាននោះទេ»៕