រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក KISHI Nobuo បានសន្យាជំរុញពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យកងទ័ពជើងគោកជាមួយកម្ពុជា ដោយការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ការ ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការបណ្តុះបណ្តាលធនធានមនុស្សកងរក្សាសន្តិភាព ការគ្រប់គ្រងគ្រោះ មហន្តរាយ និងការងារវិស្វកម្មជាដើម។
ការប្តេជ្ញារបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាកាងារជាមួយ សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តាមប្រព័ន្ធ Video Conference នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
ភាគីទាំងពីរ បានចាត់ទុកថា កិច្ចពិភាក្សានាថ្ងៃនេះពិតជាមានសារសំខាន់ក្នុងការពង្រឹងទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-ជប៉ុន សំដៅលើកកម្ពស់សមត្ថភាពវិស័យការពារជាតិសន្តិសុខ នយោបាយ រួមទាំងផ្នែកមនុស្សធម៌ តាមរយៈបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ពុទ្ធិ រួមចំណែកកសាងចំណងមិត្ត ភាពកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងវិបុលភាព។
ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន បើទោះបីប្រទេសកំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗបណ្តាលមកពីការរាត ត្បាតនៃជំងឺកូវីដ១៩ ក៏ពិតមែន ប៉ុន្តែ ប្រទេសទាំងពីរបានជម្នះឧបសគ្គអនុវត្តការងារចាំបាច់មួយ ចំនួនដែលអាចធ្វើទៅបានដូចជា ដំណើរទស្សនកិច្ចរបស់ លោកអនុរដ្ឋមន្ត្រី នីហ្ស៊ីដា កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ ដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុននៅកម្ពុជា កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២០។
ការលើកកម្ពស់វិស័យរក្សាសន្តិភាព ការចូលរួមក្នុងវេទិកានានា បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ស៊ីជម្រៅ និងពេញលេញប្រសើរជាងមុន។
មួយវិញទៀត កិច្ចសហការរួមគ្នានេះ បានលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាវឌ្ឍនភាព និងកត្តាគន្លឹះសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ សម្រាប់បម្រើ ឱ្យកិច្ចការទ្វេភាគី តំបន់ និងពិភពលោក ដែលជាមូលដ្ឋានគ្រឹះមិត្តភាពដ៏រឹងមាំគ្រប់កាលៈទេសៈ ភាពរីកចម្រើន ផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមកសម្រាប់កងទ័ព និងប្រជាជនប្រទេស ទាំងពីរកម្ពុជា-ជប៉ុន។
ក្នុងកិច្ចពិភាក្សាការងារតាមប្រព័ន្ធ Video Conference រដ្ឋមន្ត្រីការពារជាតិក ម្ពុជា និងជប៉ុន បានគូសបញ្ជាក់ថា៖ «ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យការពារជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត រួមមាន ជំនួយសម្រាប់កសាង សមត្ថភាព ការផ្លាស់ប្តូរផ្នែកអប់រំ ទស្សនកិច្ចថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរទស្សនកិច្ចតាមអនុស្សរណៈ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនលោក KISHI Nobuo ឆ្នាំ២០២១នេះ គឺជាខួប ១៥ឆ្នាំ ដែលកម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្ស ធម៌នៅលើលោក។
កម្ពុជាប្តេជ្ញាចិត្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រីឱ្យកើនជាងមុន រួមចំណែក លើកកម្ពស់តួនាទីស្ត្រី កសាង និងថែរក្សាសន្តិភាព «សមភាពយេនឌ័រ» ស្របតាមប្រធានបទស្តីពី «បទពិសោធន៍ និងគំនិតផ្តួចផ្តើមរបស់សមាជិករដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងការបញ្ជូន កងទ័ពជាស្រ្តី ទៅបំពេញ ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។
សម្តេចពិជ័យសេនា ទៀ បាញ់ សង្កត់ធ្ងន់ថា ចំពោះមុខការទប់ស្កាត់ការឆ្លងរីករាលដាល និងការ គ្រប់គ្រងផលប៉ះពាល់ បណ្តាលមកពីជំងឺកូវីដ១៩ គឺជាកិច្ចការចាំបាច់បំផុតដែលកងទ័ព ត្រូវចូល រួមតាំងពីដំបូង នៃដំណើរការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ប្រកបដោយប្រសិទ្ធភាព។
ដូចនេះ ទាមទារឱ្យកងទ័ពពង្រឹងសមត្ថភាព មានភាពធន់នឹងកិច្ចការពារជាតិ សន្តិសុខប្រពៃណី និងមិន ប្រពៃណី ភាពគ្រោះអាសន្ន និងការប្រែប្រួលអាកាសធាតុ និងរួមគ្នាផ្លាស់ប្តូរ ចែករំលែកបទ ពិសោធន៍ ព័ត៌មានទៅវិញទៅមក ដោយឈរលើស្មារតីសាមគ្គីភាព ជឿទុកចិត្ត គិតគូរ និងអនុវត្ត រួមគ្នាមានភាពម៉ត់ចត់ ក្រោមយន្តការពហុភាគីនិយម គោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ។
ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា នៅក្នុងបរិបទនៃការរីករាល ដាលជំងឺកូវីដ១៩ កម្ពុជាចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិជាការងារអាទិភាពរបស់កងទ័ព ដែលត្រូវពង្រឹងពង្រីកជាមួយដៃគូសន្តិសុខនៅក្នុងតំបន់ អន្តរជាតិ តាមយន្តការទ្វេភាគី និងពហុភាគីជំរុញកសាងទំនុកចិត្ត យោគយល់គ្នាទៅវិញទៅមក ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ សកម្មភាព មនុស្សធម៌តាមទស្សនៈ «ការបំពេញការងារ និងរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីៗ»៕