សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា វិបត្តិនៃជំងឺកូវីដ១៩ មិនអាចធ្វើឱ្យកម្ពុជា បោះបង់សកម្មភាពផ្សព្វផ្សាយ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននោះឡើយ

ក្នុងសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន បញ្ជាក់ថា ជាការពិតវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ មិនអាចឱ្យកម្ពុជាធ្វើសកម្មភាពអប់រំផ្ស ព្វផ្សាយដោយផ្ទាល់ នៅតាមសហគមន៍បានច្រើនឡើយ ប៉ុន្តែយើងមិនបានបន្ថយ ឬបោះបង់សកម្ម ភាពដ៏មានសារៈសំខាន់នេះឡើយ។

សារលិខិត ដែល ទទួលបាននៅថ្ងៃទី២៥ ខែមិថុនានេះ សម្តេច តេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ក៏ដូចជាប្រទេស ជាតិយើងនៅតែបន្តទទួលរង ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅ តែសម្រេចបន្តរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកម្រិតថ្នាក់ជាតិក្រោម ប្រធានបទ «គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍» ក្នុងរូបភាពជាយុទ្ធនាការអប់រំ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម និង ការរៀបចំដុតបំផ្លាញគ្រឿងញៀន ដែលចាប់យកបានក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន នាពេលកន្លងមក។

សម្តេចតេជោ បានថ្លែងថា៖ «ការបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ និងលើកយកប្រធានបទ ថ្នាក់ជាតិ បន្ថែមនេះ គឺដើម្បីបន្តពញ្ញាក់ស្មារតីជនរួមជាតិទាំងអស់ ឱ្យយកចិត្តដាក់កាន់តែខ្លាំងថែមទៀត ក្នុងការ បន្តចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ហើយជាមួយគ្នានោះ ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំក្នុងការបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ មកលើខ្លួនឯង មកលើក្រុមគ្រួសារ កន្លែងធ្វើការ និងសហគមន៍ដែលខ្លួន រស់នៅ ជាពិសេសធ្វើឱ្យជនគ្រប់រូបចងចាំថា ការដោះស្រាយបាននូវបញ្ហាគ្រឿងញៀន និងការ បង្ការកុំឱ្យមានការឆ្លងថ្មីនៃជំងឺកូវីដ១៩ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព សុវត្ថិភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍសម្រាប់ខ្លួនឯងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ក្នុងពេលកន្លងមកនេះ ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនទាំងនៅក្នុងតំបន់ និងសកលលោក រួមនិងការប្រើប្រាស់ សារធាតុញៀនថ្មី ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ នៅមិនមានសញ្ញាថយចុះនៅឡើយទេ ហើយបាន នឹងកំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ។

ជាមួយគ្នានេះឥទ្ធិពលនៃការប្រណាំងប្រជែងនយោបាយ-សេដ្ឋកិច្ច របស់ប្រទេសមហាអំណាចនៅក្នុង និងក្រៅតំបន់ពិសេសវិបត្តិ ដែលពាក់ព័ន្ធនឹងការឆ្លង រាលដាលជំងឺកូវីដ១៩ បានគំរាមកំហែង និងបង្កនូវផលលំបាកយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល។

ក្នុងពេលជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កត្តាទាំងអស់ នេះបាននាំមកនូវផលប៉ះពាល់អវិជ្ជមាន ដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព របស់ប្រទេសនានានៅក្នុងពិភពលោក ដែលក្នុងនោះ មានប្រទេសកម្ពុជាយើងផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត យកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាព ក្នុងការបង្ការ ទប់ ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ ជាតិ តំបន់ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ជាក់ស្តែង យើងបានបន្តរឹតបន្តឹង និងលើកកម្ពស់ ការទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នូវរាល់គោលនយោបាយ ផែនការយុទ្ធ សាស្ត្រ និងផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសផែន ការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ និងលើកទី៦ ដែលរាជរដ្ឋាភិបាលបាន ដាក់ចេញរហូតទទួល បានលទ្ធផលគួរជាទីមោទនៈ។ ជាការពិតវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ មិនអាចឱ្យយើងធ្វើសកម្មភាព អប់រំផ្សព្វផ្សាយដោយផ្ទាល់នៅតាមសហគមន៍បានច្រើនឡើយ ប៉ុន្តែ យើងមិនបានបន្ថយ ឬបោះបង់សកម្មភាពដ៏មានសារៈសំខាន់នេះឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្ទុយទៅវិញ ក្រសួង ស្ថាប័ន អង្គភាព និងគណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ក៏ដូចជាវិស័យសាសនា វិស័យឯកជន អង្គការ សមាគមជាតិ អន្តរជាតិជាដៃគូ និងបងប្អូន ជនរួមជាតិមួយចំនួនធំ នៅតែបន្តខិតខំប្រឹងប្រែង ដោយ បានប្រើប្រាស់វិធីសាស្ត្រថ្មីៗ ធ្វើការអប់រំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលជាប្រយោជន៍ ដល់ ការលើកកម្ពស់ការយល់ដឹងជា សាធារណៈអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាលើកកម្ពស់ ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹង គ្រឿងញៀន ដោយរួមទាំងបញ្ហាសង្គមផ្សេងៗ និងបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ១៩ ផងដែរ៕