ប្រទេសរុស្ស៊ីព្រមានថាលើកក្រោយខ្លួនអាចនឹងបាញ់កម្ទេចចោលរាល់នាវាចម្បាំងណាដែលបានបំពានដែនទឹក របស់ខ្លួន

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១គឺបានបញ្ជាក់ថាមន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់បានព្រមានថារុស្ស៊ីអាចនឹងបាញ់កម្ទេចរាល់នាវាចម្បាំងទាំងឡាយណា ដែលបានបំពានដែនទឹករបស់ខ្លួន។

ការលើកឡើងបែបនេះគឺធ្វើឡើងនៅក្នុងការព្រមានដ៏តឹងតែងមួយបន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ ដែលនាវាពិឃាតអង់គ្លេសបានចុះចតនៅក្បែរតំបន់គ្រីមា ក្នុងតំបន់មួយដែលប្រទេសរុស្ស៊ី អះអាង ថាជាដែនទឹករបស់ខ្លួន។

គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយថា នាវាចម្បាំងមួយរបស់ខ្លួនបានបាញ់ព្រមាន ខណៈដែលយន្ដ ហោះចម្បាំងរបស់ខ្លួនមួយទៀតបានទម្លាក់គ្រាប់បែកនៅលើផ្លូវរបស់នាវាពិឃាតអង់គ្លេសកាលពីថ្ងៃពុធសប្តាហ៍នេះដើម្បីបណ្ដេញនាវានោះ ចេញពីតំបន់ក្បែរក្រុង Sevastopol។

ជុំវិញបញ្ហានេះ ភាគីអង់គ្លេសបានបដិសេធ ដោយទទូចថានាវារបស់ខ្លួនមិនត្រូវបានបណ្តេញ ចេញទេ ដោយគូសបញ្ជាក់ថា នាវានោះកំពុងបើកនៅលើដែនទឹកអ៊ុយក្រែន៕