ឆ្លើយតបទៅនឹងការចង់ដឹង របស់លោក W. PATRICK MURPHY ឯកអគ្គដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា ជាគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺបើកចំហ ជើងមេឃ ផ្តល់ឱកាសយ៉ាងទូលាយ ដល់អ្នកវិនិយោគ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ មួយចំនួន ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២២ មិថុនា នៅក្នុងសាលាខេត្តកំពង់ចាម ដែលលោក W. PATRICK MURPHY បានសួរមកឯកឧត្តម អ៊ុន ចាន់ដា ជុំវិញវិស័យរោងចក្រ លើការវិនិយោគ តើអ្នកវិនិយោគទុនរបស់ សហរដ្ឋអាមេរិក មកកាន់ ខេត្តកំពង់ចាមបានដែរ ឬយ៉ាងណា?។
ឯកឧត្តម អ៊ុន ចាន់ដា បានឆ្លើយតបថា លោកពិតជាមានការសប្បាយរីករាយណាស់ ដោយជា គោលនយោបាយ របស់រាជរដ្ឋាភិបាល គឺបើកចំហជើងមេឃ ផ្តល់ឱកាស យ៉ាងទូលាយ ដល់វិនិយោគិន ដែលមានបំណងប្រាថ្នា ចង់ចាប់ដៃគូក្នុងការបង្កើត មុខរបរ ក្នុងព្រះរាជាណា ចក្រកម្ពុជា ហើយរដ្ឋបាលខេត្តកំពង់ចាម គាំទ្រទៅនឹង យុទ្ធសាស្ត្រ ជំរុញការវិនិយោគ។
ឯកឧត្តមបានគូសបញ្ជាក់ថា « ប្រសិនបើមានវិនិយោគិន របស់សហរដ្ឋអាមេរិក មកកាន់ ខេត្តកំពង់ចាម របស់យើង គឺយើងស្វាគមន៍ សហការ ដើម្បីធ្វើយ៉ាងណា ឱ្យខាងវិនិយោគិន របស់សហរដ្ឋអាមេរិក ទទួលបានជោគជ័យ៕