ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជំហានទី១ ជូនកម្មករនិយោជិតជាង ២សែននាក់ នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញ សេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជំហានទី១ ជូនកម្មករនិយោជិតចំនួន ២៧៥,៧៤៧នាក់នៃរោងចក្រ ចំនួន ៥១៣ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្ត កណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។

ក្រសួងបានបង្ហាញពីរបៀបដើម្បីបើក ប្រាក់ឧបត្ថម្ភនេះបានដូចជា ធនាគារឯកទេសវីងនឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភចំនួន ១៦០ ០០០ (ដប់ប្រាំមួយម៉ឺន) រៀល តែមួយលើកគត់ ស្របតាម កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបង ប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ទូរស័ព្ទដែលទទួលបានសារនោះទៅ កាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

ក្រសួងសូមបញ្ជាក់ដែលថា ចំពោះកម្មករនិយោជិតដែលខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភ នេះក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង ធនាគារឯក ទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញនិងមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ប្រសិនបើក្នុងករណីបងប្អូនកម្មករ និយោជិត ដែលបម្រើការងារនៅរោងចក្រ ចំនួន ៥១៣នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារឯកទេសវីង ឬមានចម្ងល់ផ្សេងៗ នោះសូមទំនាក់ទំនង សួរព័ត៌មានបន្ថែមតាមរយៈក្រុមតេឡេក្រាម https://t.me/KhmerWorkerChat ឬទូរស័ព្ទលេខ ១២៩៧។
ក្រសួងនឹងបន្តជូនដំណឹងដល់កម្មករនិយោជិត រោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែក ជើង និងកាបូប ដទៃទៀតអំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕