តាមការចេញផ្សាយដោយ វែបសាយព័ត៌មាន Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ គឺបានបញ្ជាក់អោយដឹងថា ប្រទេសចិនកំពុងតែស្វែងរកមធ្យោបាយ ដើម្បីបញ្ជូន អវកាសយានិក ទៅកាន់ភពអង្គារ (Mars) និងនាំយកពួកគេត្រលប់មកវិញដោយសុវត្ថិភាព ព្រមទាំងអាចបង្កើតមូលដ្ឋានស្នាក់នៅរយៈពេល វែង នៅលើភពក្រហមនោះផងដែរ។
លោក វ៉ាង ហ្សាវជីង (Wang Xiaojing) មន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងវិស័យអវកាសចិន បានថ្លែងប្រាប់សន្និសីទ ផ្នែកអវកាសមួយ ដែលរៀបចំឡើងនៅរុស្ស៉ីថា ចិនកំពុងស្រាវជ្រាវរកជម្រើសប្រសើរជាងគេបំផុត សម្រាប់បេសសកម្មប្រកបដោយនិរន្តរភាព នៅភពអង្គារ។
លោក Wang បានលើកឡើងពីជោគជ័យកន្លងទៅថ្មីៗនេះ នៃការចុះចតយានរ៉ូបូត ជូរ៉ង (Zhurong) ក្នុងបេសកកម្ម ធានវិន ១ (Tianwen-1) នៅលើភពអង្គារ ហើយលោកថែមទាំងគូសបញ្ជាក់ថា ចិនមានផែនការធំៗជាច្រើន ដែលលើសពីបេសកកម្មនាំយកគំរូតាងភពអង្គារ ដែលគ្រោងប្រព្រឹត្ត ទៅនៅឆ្នាំ២០២៩ ទៀតឯណោះ។
សូមបញ្ជាក់ថា យ៉ាងណាមិញ ពេលនេះចិនមិនទាន់បង្ហើបពីកាលបរិច្ឆេទ សម្រាប់បេសកកម្មបញ្ជូន មនុស្សទៅកាន់ភពអង្គារឡើយ ប៉ុន្តែកំពុងដាក់គោលដៅបញ្ជូនអវកាសយានិក ទៅកាន់ឋានព្រះចន្ទ នៅអំលុងទសវត្សរ៍ឆ្នាំ២០៣០។ ដូច្នេះហើយបេសកកម្មបញ្ជូនមនុស្សទៅភពអង្គារ នឹងនៅត្រូវការ ពេលយូរអង្វែងថែមទៀត៕