នៅថ្ងៃនេះ ក្នុងប្រទេសថៃ ស្លាប់ដោយកូវីដ១៩ចំនួន៣០នាក់ និងឆ្លងថ្មីជាង៣ពាន់

ថៃមានអ្នកជំងឺកូវីដ១៩ស្លាប់៣០នាក់ទៀត និងអ្នកឆ្លងកូវីដ១៩ថ្មីមានចំនួន៣.១២៩នាក់នៅ២៤ម៉ោងកន្លងទៅ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍។ក្រសួងបាននិយាយថា ក្នុងចំណោមអ្នកឆ្លងថ្មីនៅថ្ងៃនេះ ២.៦៧២នាក់ស្ថិតចំណោមប្រជាជនទូទៅនិង៤៥៧នាក់ជាអ្នកទោសនៅក្នុងគុក។

ទោះជាឆ្លងថ្មីជាង៣ពាន់នាក់ តែអ្នកជំងឺកូវីដ១៩ជាសះស្បើយនិងចេញពីពេទ្យនៅ២៤ម៉ោងកន្លងទៅមានចំនួន៤.៦៥១នាក់។សូមបញ្ជាក់ថា ចាប់តាំងពីកូវីដ១៩រលកទី៣វាយប្រហារប្រទេសនេះចាប់ពីថ្ងៃ១មេសាមក មានអ្នកឆ្លងជំងឺនេះសរុប១៧៨.៨៦១នាក់ តែ១៤៤.៨៩០នាក់បានជាសះស្បើយ ហើយចាប់តាំងពីវាបង្ហាញខ្លួននៅក្នុងព្រះរាជាណាចក្រថៃមក មានមនុស្សឆ្លងសរុប២០៧.៧២៤នាក់ តែ១៧២.៣១៦នាក់បានជាសះស្បើយ។ចំនួនមនុស្សស្លាប់នៅរលកទី៣នេះមានចំនួន១.៤៦១នាក់ និង១.៥៥៥នាក់ចាប់ពីដើមឆ្នាំមុនមក៕