តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ ២០២១បានបញ្ជាក់អោយដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះបានប្រកាសថា ចិនមិនអត់ឱនដាច់ខាត ចំពោះកម្លាំងបរទេសណា ដែលជ្រៀតជ្រែកទៅក្នុងបញ្ហាកោះតៃវ៉ាន់ ហើយចិនចាំបាច់ ត្រូវតែធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើបែបគប់គិតគ្នា។
ការព្រមានខាងលើពីសំណាក់ទីក្រុងប៉េកាំងបានកើត មានបន្ទាប់ពីតៃវ៉ាន់ទើបតែបានរាយការណ៍ថា ចិនបានចល័តយន្តហោះយោធា ក្នុងចំនួនដ៏ច្រើនបំផុត ទៅបំពានដែនអាកាសរបស់ខ្លួន។
ការចល័តយន្តហោះយោធាចិនត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមប្រទេស G7 បានចេញសេចក្តីថ្លែង ការណ៍រួមមួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដោយរិះគន់ចិនជុំវិញបញ្ហាជាច្រើន ហើយក៏ បានរំលេចពីសារសំខាន់នៃសុខសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ផងដែរ។ ពេលនោះ ចិនបានចេញថ្កោលទោសភ្លាមៗ និងហៅការលើកឡើងទាំងនេះថា ជាការ បង្ខូចមុខមាត់ខ្លួន។
ដោយឡែក ឆ្លើយតបនឹងសំណួរក្នុងសន្និសីទសារព័ត៌មានមួយ ថាតើសកម្មភាពយោធាខាងលើ មានពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួមរបស់ G7 ឬយ៉ាងណា អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៅប្រទេសចិន បាននិយាយថា «យើងនឹងមិនអត់ឱនដាច់ខាត ចំពោះការប៉ុនប៉ងស្វែងរកឯករាជ្យ ភាព ឬមួយក៏ការចូលជ្រៀតជ្រែកក្នុងបញ្ហាតៃវ៉ាន់ ដោយកម្លាំងបរទេស ដូច្នេះហើយយើងត្រូវធ្វើការ ឆ្លើយតបដោយម៉ឺងម៉ាត់ទៅវិញ ចំពោះសកម្មភាពគប់គិតគ្នាទាំងនេះ»។
កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋាភិបាលកោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះយោធាចិនសរុប ២៨គ្រឿង ដែលច្រើនបំផុតគិតមកទល់ពេលនេះ ក្នុងនោះរួមមានទាំងយន្តហោះចម្បាំង និងយន្ត ហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ បានបំពានចូលទៅកាន់តំបន់ការពារដែនអាកាស ADIZ របស់តៃវ៉ាន់៕