ប្រទេសចិននឹងបាញ់បង្ហោះយាន Shenzhou-12 ដឹកអវកាសយានិក ៣នាក់ឡើងទៅទីអវកាស នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចិននឹងបញ្ជូនអវកាសយានិកចំនួន ០៣នាក់ ឡើង ទៅកាន់ទីអវកាស ខណៈវានឹងជាបេសកកម្មបញ្ជូនមនុស្ស លើកដំបូងសម្រាប់ចិន ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ ហើយក៏ជាផ្នែកនៃដំណើរការសាងសង់ ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិនផងដែរ។

យោងតាមអាជ្ញាធរអវកាសចិន បេសកកម្មខាងលើត្រូវរំពឹងថា នឹងចេញដំណើរនៅម៉ោង ៩៖២២ នាទីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើយានអវកាសដឹកមនុស្ស ហ្សិនចូវ ១២ (Shenzhou-12) ចេញពីទីក្រុង ជីវក្វាន់ (Jiuquan) ក្នុងខេត្ត ហ្គាន់ស៊ូ (Gansu) ភាគពាយព្យ ប្រទេស។ ចំណែកឯសមាសភាពអវកាសយានិក គឺជាបុរសទាំងអស់ ដែលមានអាយុ ៤៥ឆ្នាំ, ៥៤ឆ្នាំ និង ៥៦ឆ្នាំ។

បេសកកម្មយាន Shenzhou-12 នឹងជាបេសកកម្មទី ៣ ក្នុងចំណោមបេសកកម្មសរុបចំនួន ១១ ដែលចិនត្រូវធ្វើឡើង ដើម្បីសម្រេចជាស្ថាពរ នូវការសាងសង់ស្ថានីយអវកាសរបស់ខ្លួន ឲ្យបាននៅ ចុងឆ្នាំ២០២២។

ចិនបានចាប់ផ្តើមការសាងសង់ស្ថានីអវកាសនេះ កាលពីខែមេសាកន្លងទៅ ជាមួយការបាញ់បង្ហោះកំណាត់បន្ទប់ស្នូលរបស់វាឈ្មោះ ធានហឺ (Tianhe)។

រីឯកាលពីចុងខែឧសភា ចិនបានបញ្ជូនយានដឹកសម្ភារផ្គត់ផ្គង់ផ្សេងៗ ឡើងទៅកាន់កំណាត់បន្ទប់ នោះ។ អវកាសយានិកចិនទាំង ០៣រូប នឹងត្រូវស្នាក់នៅក្នុងកំណាត់បន្ទប់ Tianhe រយៈពេល ០៣ខែ៕