សារព័ត៌មាន The Nation បានចេញផ្សាយអោយដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរក ឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,០០០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៣៦០ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៦៤០ករណីទៀត ត្រូវបានរកឃើញ នៅលើអ្នកទោសតាមពន្ធនាគារ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយ ការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៤,៧៧៤ នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២០២,២៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ១,៤៨៥នាក់ និងអ្នកជាសះ ស្បើយ ១៦២,៧១៨នាក់៕