ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិដែលបានបដិសេធមិនព្រមចាកចេញពីតំណែងទោះបីត្រូវបានបណ្តេញចេញបន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈបានអំពាវនាវឱ្យមាន “វិធានការជាសមូហភាពប្រកបដោយប្រសិទ្ធភាព” ប្រឆាំងនឹងរបបយោធា នៅមុនកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខដែលគេរំពឹងធ្វើឡើងផ្តោតលើស្ថានការណ៍នៅមីយ៉ាន់ម៉ា។
លោក ច ម៉ូទុន បានសរសេរនៅក្នុងលិខិតមួយទៅកាន់ស្ថាប័នពិភពលោកនេះចុះថ្ងៃទី ២៨ ខែឧសភា ដែលទើបផ្សាយកាលពីថ្ងៃចន្ទទី១៤មិថុនា ថា”វាជាការបន្ទាន់បំផុតដែលសហគមន៍អន្តរជាតិចាត់វិធានការជាសមូហភាពប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិកុំឱ្យកើតឡើងម្តងទៀត និងទប់ស្កាត់ការលេចឡើងនៃវិបត្តិមនុស្សធម៌ក្នុងតំបន់”។
លោកបានសរសេរថា “វិធានការដ៏រឹងមាំ ពោរពេញដោយការប្តេជ្ញាចិត្តនិងឯកភាព គឺជារឿងចាំបាច់និងបន្ទាន់ណាស់។កង្វះនៃសកម្មភាពបែបនេះរបស់សហគមន៍អន្តរជាតិនឹងលើកទឹកចិត្តដល់យោធាឱ្យបន្តធ្វើសកម្មភាពអមនុស្សធម៌និងឃោរឃៅប្រឆាំងនឹងជនស៊ីវិលហើយនឹងបណ្តាលឱ្យបាត់បង់ជីវិតប្រជាជនស៊ីវិលស្លូតត្រង់នៅមីយ៉ាន់ម៉ាថែមទៀត”។
លោក ច ម៉ូទុន បានថ្កោលទោសរដ្ឋប្រហារថ្ងៃទី ១ កុម្ភៈ ហើយបានច្រានចោលការអះអាងរបស់ពួកយោធាដែលថា គាត់លែងជាតំណាងមីយ៉ាន់ម៉ាទៀតហើយ ។ រីឯ អង្គការ សហប្រជាជាតិនៅតែចាត់ទុកគាត់គឺជាប្រេសិតស្របច្បាប់៕