អូស្រ្តាលី ប្តេជ្ញាបន្តជួយកម្ពុជា ជាពិសេសដំណើរការរៀបចំសេចក្តីព្រាងច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្ស

ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ ប្រាប់អោយដឹងថា លោក Luke Arnold អគ្គរាជទូតស្តីទី អូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញសុឆន្ទៈ និងការប្តេជ្ញាបន្ត ជួយដល់កម្ពុជាជាពិសេសដំណើការនៃការរៀបចំសេចក្តី ព្រាងច្បាប់បង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិនេះ។

ការបញ្ជាក់ពីជំហររបស់អូស្ត្រាលីបែបនេះ បានធ្វើឡើងក្នុងជំនួបជាមួយ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិ មនុស្សជាតិ ដែលទទួលបានការឯកភាពពីសម្តេចតេជោ នាពេលកន្លងមក ឱ្យខាងគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាជាអ្នករៀបចំ ហើយខាងអូស្រ្តាលី ក៏បានចូលរួមសហការផងដែរ ក្នុងការផ្តល់ជា ធាតុចូល តាមរយៈអង្គការវេទិកាអាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅអូស្ត្រាលី។ ពេលនេះក្រុមការងារ បានបញ្ចប់រួចហើយនូវសេចក្តីព្រាងដំបូង និងកំពុងរៀបចំនូវកិច្ចពិគ្រោះយោ បល់ជាមួយគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗ ខាងមុខនេះ។

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានភាព សិទ្ធិមនុស្សជាទូទៅ ខាងអូស្រ្តាលី បានកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួន ពាក់ព័ន្ធសេរីភាពសាសនា និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការដឹកនាំរបស់សម្តេចតេជោ ជាពិសេសក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលកូវីដ១៩ តាមរយៈការដាក់ចេញ ជាវិធានការនានា ដូចជាការផ្តល់លំហូរសាច់ប្រាក់ និងជំនួយសង្រ្គោះបន្ទាន់ដល់គ្រួសារដែលរងផល ប៉ះពាល់ពីកូវីដ១៩ នាពេលកន្លងមកជាដើម។ល។ ទន្ទឹមនឹងនេះ ខាងអូស្រ្តាលីក៏បានបង្ហាញនូវការបារម្ភមួយចំនួនផងដែរ អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន និងសិទ្ធិសេរីភាពផ្នែកនយោបាយ នៅកម្ពុជា។

ឆ្លើយតបនឹងការបារម្ភនេះ ឯកឧត្តម កែវ រ៉េមី ក៏បានធ្វើការបកស្រាយ និងបំភ្លឺវិញផងដែរ ដោយផ្អែកលើទិដ្ឋភាពនយោបាយ ច្បាប់ ប្រវត្តិសាស្រ្ត និងបរិបទសង្គមកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម ជិន ម៉ាលីន៕