យោងតាមការចេញផ្សាយដោយ សារព័ត៌មានស៉ិនហួរ នៅយប់ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ ២០២១ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា សម័យប្រជុំមហាសន្និបាតលើកទី៧៥ ដែលបានធ្វើ ឡើងនៅទីក្រុងញូវយ៉កនៅថ្ងៃសុក្រនេះ បានសម្រេចបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍ថ្មី នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥ ប្រទេស។
ប្រទេសអារ៉ាប់រួម រួមជាមួយ ប្រទេសចំនួន០៤ផ្សេងទៀត ក្នុងនោះរួមមានប្រទេសអាល់បានី ប្រេស៊ីល ហ្គាបុង និងហ្គាណា ត្រូវបានជ្រើសរើសឲ្យក្លាយជាសមាជិកមិនអចិន្ត្រៃយ៍ ជំនួសសមាជិកមិនអចិន្ត្រៃយ៍មានស្រាប់ នៃប្រទេសចំនួន៥ដែលរួមមាន អេស្តូនី, នីហ្សេរីយ៉ា, សាំងវ៉ាំងសង់និងហ្គ្រីណាឌីន, ទុយនីស៊ី, និងវៀតណាម សម្រាប់អាណត្តិឆ្នាំ ២០២២-២០២៣ ខាងមុខនេះ។
មហាសន្និបាតបានធ្វើការបោះឆ្នោតជ្រើសរើសប្រទេសចំនួន៥ ដើម្បីទទួលបានអាសនៈក្រុមប្រឹក្សា សន្តិសុខ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូល សម្រាប់អាណត្តិពីរឆ្នាំ ដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខមានសមាជិកចំនួន ១៥ប្រទេស ដែលក្នុងនោះមាន៥ប្រទេស ជាសមាជិកអចិន្រ្តៃយ៍ រួមមាន អង់គ្លេស, ចិន, បារាំង, រុស្ស៊ី, និងសហរដ្ឋអាមេរិក រួមជាមួយសមាជិក មិនអចិន្ត្រៃយ៍ចំនួន១០ប្រទេសផ្សេងទៀត ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជ្រើសរើសនិងបែងចែកទៅតាមតំបន់ភូមិសាស្ត្រ ក្នុងនេះប្រទេសចំនួន៥ នឹងជំនួសរៀង រាល់១ ឆ្នាំម្តង៕