យោងតាម KCNA ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះបានអោយដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានអំពាវនាវឱ្យ មានការពង្រឹងសមត្ថភាពយោធាឱ្យ កាន់តែខ្លាំងក្លា និងប្រុងជើងការខ្ពស់ ប្រឈមមុខនឹងស្ថាន ការណ៍មិនច្បាស់លាស់នៅលើតំបន់ ឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុនធ្វើការអំពាវនាវ ខាងលើកំឡុងដឹកនាំកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមមួយ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ហើយ លោកប្រមុខ គីម ក៏បានជំរុញឱ្យយោធាកូរ៉េខាងជើងស្ថិតនៅក្នុងស្ថានភាពប្រុង ជើងការខ្ពស់ផង ដែរដោយសំអាងលើការផ្លាស់ប្ដូរស្ថានភាពយ៉ាងឆាប់រហ័សនៅលើតំបន់ឧបទ្វីបកូរ៉េ។ ប៉ុន្តែ ប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះមិនបានបញ្ជាក់លម្អិតថាតើលោក គីម ចង់ផ្ដោត ទៅលើការ ពង្រឹងសមត្ថភាព ឬសកម្មភាពយោធាណាមួយឱ្យប្រាកដឡើយ។
សូមបញ្ជាក់ថា ការអំពាវនាវរបស់លោក គីម ជុងអ៊ុនកើតមានឡើង នៅមុនកិច្ចប្រជុំពេញអង្គនៃ គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងដែល គ្រោងនឹងធ្វើឡើងនៅក្នុងខែមិថុនានេះ ជាពេលដែលគេរំពឹងថាលោក គីម អាចនឹងថ្លែងសារ ឬដាក់ចេញយុទ្ធសាស្ត្រថ្មីៗជុំវិញគោល នយោបាយចំពោះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕