យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែល ទទួលបានបានអោយដឹងថា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ ជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលជាផ្នែកមួយនៃទស្សនកិច្ចការ ងារ ដើម្បីផ្លាស់ប្ដូរទស្សនៈ ស្ដីពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រដ្ឋាភិបាលចិន បានសន្យាថា ខ្លួននឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។
ក្រសួងការបរទេស បានស្រង់លទ្ធផលជំនួបនេះថា «លោក វ៉ាង យី បានរំលឹកឡើងវិញនូវការបន្ត គាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និង ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាព ទឹកដី។ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ»។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើ ឱ្យកាន់តែស៉ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានសម្តែង នូវអំណរគុណ យ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍ វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះ ថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (១៩២១ -២០២១)។
ឯកឧត្តម កបានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែល សម្រេច បាននូវសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវ គោលដៅសតវត្សរ៍ទី១ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។
រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើ កិច្ច ព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាង ប្រទេសទាំងពីរផងដែរ៕