វ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន ចំនួន២០លានដូសត្រូវបានប្រទេស វៀតណាមព្រមព្រៀងទិញ សម្រាប់ឆ្នាំនេះ

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reutersបានអោយដឹងថា
នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា ប្រទេស រុស្ស៊ីបានយល់ព្រមលក់ឲ្យប្រទេសវៀតណាម នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន ដែលមាន ឈ្មោះសម្គាល់ថា Sputnik V ចំនួន ២០លានដូសនៅក្នុងឆ្នាំនេះ។

វៀតណាមបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរុស្ស៊ីតាំងតែពីខែមីនាមកម៉្លេះ ប៉ុន្តែបន្ទាប់ពីទទួលរងនូវ ការរីករាលដាលដ៏អាក្រក់បំផុតប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំង ទោះបីចំនួនករណីឆ្លង និងស្លាប់របស់ខ្លួននៅមានកម្រិតទាបក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមបានរាយការណ៍កាលពីខែមុនថា មជ្ឈមណ្ឌលស្រាវជ្រាវមួយដែល ស្ថិតនៅក្រោមក្រសួងសុខាភិបាល កំពុងពិភាក្សាមើលលទ្ធភាពដើម្បីផលិតវ៉ាក់សាំង Sputnik V ក្នុងស្រុក។

នាពេលកន្លងមកនេះប្រទេសវៀតណាមបានស្វែងរកទិញវ៉ាក់សាំង Sputnik V ចំនួន ៤០លានដូស ប៉ុន្តែរុស្ស៊ីបាននិយាយថា ខ្លួននឹងលក់ជូនវ៉ាក់សាំងទាំងនេះនៅចុងឆ្នាំក្រោយ៕