តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១បាន អោយដឹងថា ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសអ៉ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀង
ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលនឹងបិទបញ្ចប់ការកាន់តំណែង ជានាយករដ្ឋមន្ត្រីអស់រយៈពេល ១២ឆ្នាំមកនេះ របស់លោក ប៊េនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu)។
មេដឹកនាំគណបក្ស យេស អាទីត (Yesh Atid) លោក យ៊ែរ ឡាភីត (Yair Lapid) បានប្រកាស នៅថ្ងៃពុធសប្ដាហ៍នេះថារដ្ឋាភិបាលចម្រុះមួយដែលមាន ៨ គណបក្សចូលរួមត្រូវបានបង្កើតឡើង ៣០នាទី មុនពាក់កណ្ដាលយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះ។
ក្រោមការបង្កើតរដ្ឋាភិបាលចម្រុះថ្មីនេះ លោក Yair Lapid និងមេដឹកនាំគណបក្ស Yamina លោក ណាហ្វតាលី ប៊េននែត (Naftali Bennett) ត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីប្ដូរវេនម្នាក់ម្ដង ដោយលោក Bennett នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីមុន ហើយទើបប្រគល់តំណែងនេះឱ្យ លោក Lapid។
សូមបញ្ជាក់ថារដ្ឋាភិបាលចម្រុះថ្មីរបស់ក្រុមគណបក្សប្រឆាំងនៅត្រូវឆ្លងកាត់អនុម័តយល់ព្រមពីសភាអ៉ីស្រាអែលជាមុនសិន នៅក្នុងរយៈពេល១០ថ្ងៃរាប់ចាប់ពីពេលនេះតទៅ។ ប៉ុន្តែ ក្នុងរយៈពេលនេះ លោក Benjamin Netanyahu ក៏ត្រូវបានគេជឿជាក់ដែរថានឹងប្រឹងប្រែងបញ្ចុះបញ្ចូល ឱ្យសមាជិក សភា បោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះ៕