នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យ អនុព័ន្ធ យោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន។
ការអនុញ្ញាតនេះដែរ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក តាមរយៈ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចុះពិនិត្យមើលកំពង់ផែនេះ ក្នុងពេលជំនួបជាមួយសម្តេ ច អំឡុងលោកស្រីមក បំពេញ ទស្សនកិច្ចរយៈពេល១ថ្ងៃ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
ប្រមុខក្រសួងការពារជាតិកម្ពុជា មិនទាន់បញ្ជាក់អំពីពេលវេលាពិតប្រាកដ ដែលអនុព័ន្ធយោធា អាមេរិក នឹងទៅកាន់តំបន់កំពង់ផែរាមនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឡើយទេ ដោយសម្តេចបញ្ជាក់ថា ពួកគេអាចមកពិនិត្យកំពង់ផែរាម នៅពេលឆាប់ៗខាងមុខនេះ។
ទាក់ទងនិងសំណើចុះពិនិត្យតំបន់រាមនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានមួយចំនួនរបស់សហ អាមេរិក នៅតែបន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅ ក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា កម្ពុជាមិនអនុវត្ត ផ្ទុយ ពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុង ប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ។
ពាក់ព័ន្ធករណីកំពុងផែរាមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ឱ្យដឹងថា កម្ពុជាគ្រាន់តែ ទទួលបានជំនួយពីចិនដែលជាមិត្តដែកថែប ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមាន លក្ខណៈធំទូលាយ និងទំនើបជាងមុនតែប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូច មហា អំណាច ដទៃទេ។
សម្តេចពិជ័យសេនា បានបញ្ជាក់យ៉ាងច្បាស់ថា, រហូតដល់ពេលនេះ កំពង់ផែរាម កំពុងស្ថិតនៅ ក្នុងការរៀប ចំស្ថាបនានៅ ឡើយ ដោយដៃគូផ្តល់ជំនួយបានបញ្ជូនសម្ភារៈ និងឧបករណ៍ប្រើ ប្រាស ដើម្បីសាង សង់ជាបណ្តើរៗ បន្ទាប់ពីសាងសង់រួច កម្ពុជាទេជាអ្នកប្រើប្រាស់នូវកំពង់ ផែទំនើបនេះ ដោយមិនបានប្រគល់ទៅឱ្យចិនផ្តាច់មុខ ដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ។
សម្តេចអះអាងទៀតថា បើសិនជាពឹងលើលទ្ធភាពរបស់កម្ពុជាខ្លួនឯង ប្រហែលជាសាងសង់ មិនទាន់រួចទេ ដោយសារតែកំពង់ផែនេះទំនើប និងធំទូលាយទាន់សម័យ ដូច្នេះមានតែស្វែងរកដៃគូផ្តល់ជំនួយប៉ុណ្ណោះ៕