ខេត្តឧត្ដរមានជ័យ : ពិធីកាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០១៩ នៅវិទ្យាល័យ តេជោសែនសំរោង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះ ដែល ក្រោមអធិបតីភាពលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា ចំពោះប្អូនៗ ជាបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យបានល្អ និងត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសាដែលគណៈគម្មាការ បានដាក់សំនួរមក ហើយបេក្ខជន បេក្ខនារីទាំងអស់ មុន និងឆ្លើយត្រូវគិតត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ក្រែងខុសឆ្គងដោយប្រការណាមួយកើតឡើង។
លោក បន្តថាការប្រឡងប្រកួតប្រជែងនេះ គឺដើម្បីបញ្ជាក់ ពីសមត្ថភាពចំណេះដឹង ក្នុងការស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សី ក្នុងការចូល រួមអភិវឌ្ឍន៍ប្រទេសជាតិយើង ប្រកបទៅដោយសុខសន្តិភាព និងមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសនោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែល តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ទៅសិស្សានុ សិស្សគ្រប់ៗរូប។
លោក ប៉ែន កុសល្យ ក៏បានកាត់ វិញ្ញាសាដាក់អោយប្រឡង ហើយក៏បានផ្ដាំផ្ញើរ ទៅដល់ប្អូនៗដែលជាបេក្ខជន បេក្ខនារី ចូលរួមប្រឡងទាំងអស់ ត្រូវតែយកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដែលបានរៀនសូត្រក្នុងរយៈ១២ឆ្នាំកន្លងមក ដើម្បីប្រឡងទទួលបាននូវនិទ្ទេសល្អ និងជោគជ័យគ្រប់ៗគ្នា ដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារនិង សង្គមជាតិ។
ក្នុងឱកាសនោះ ក៏មានការសន្យារបស់ឯកឧត្តមអភិបាលខេត្ត ចំពោះបេក្ខជន បេក្ខនារី ដែលមកប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលជាប់ចំណាត់ ថ្នាក់និទ្ទេសA និងទទួលរង្វាន់ម៉ូតូ០១គ្រឿង ចំណែកចំណាត់ ថ្នាក់និទ្ទេសB ក៏ទទួលបាននូវសម្ភារៈ និងថវិកា ពីឧត្តមអភិបាលខេត្តផងដែរ។
គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនិងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប)នេះគឺប្រព្រឹត្តិទៅក្នុងរយៈពេល២ថ្ងៃ មានមណ្ឌលប្រឡងចំនួន ០២ ស្មើ៤៤០បន្ទប់ មានបេក្ខជន បេក្ខនារីចូលរួមប្រឡងចំនួន១០៩៣នាក់ ស្រី៥២១ នាក់។ ហើយក្នុងនោះ គេសង្កេតឃើញមានកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យ ការពារសន្តិសុខ សម្របសម្រួលចចរាចរណ និងរៀបចំសណ្ឋាប់ធ្នាប់បានយ៉ាងល្អ ដល់ដំណើរការប្រឡងនេះ ប្រកបដោយរលូន៕