នៅក្នុងខេត្តមួយ ថៃដាក់ពង្រាយកងកម្លាំង ដើម្បីគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ ជាជនជាតិមីយ៉ាន់ម៉ារាប់រយនាក់ ដែលបម្រុងរត់ចេញពីកន្លែងព្យាបាល

ថៃបានដាក់ពង្រាយកងកម្លាំងសន្តិសុខ ឲ្យគ្រប់គ្រងស្ថានការណ៍ បន្ទាប់អ្នកជំងឺ COVID-19 ប្រមាណជាង ៥០០នាក់ សុទ្ធតែជាជនជាតិមីយ៉ាន់ម៉ាទាំងអស់ បាននាំគ្នារត់ចេញពីកន្លែងព្យាបាល នៅខេត្ត ផេតឆាបុរី (Phetchaburi) កំលុងពេលដាច់ចរន្តអគ្គិសនី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ឧសភា។
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

កន្លែងព្យាបាលបណ្តោះអាសន្នខាងលើ ត្រូវបានរៀបចំឡើងនៅក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងស្រុក ខាវ យុយ (Khao Yoi) ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីភាគនិរតីទីក្រុងបាងកក បន្ទាប់ពីកម្មករចំនួន ៦៨២នាក់ បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 កាលពីពេលកន្លងទៅ ក្នុងខែឧសភានេះ។

វេលាម៉ោងប្រមាណ ៦៖០០នាទីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ចរន្តអគ្គិសនីស្រាប់តែបានដាច់ នៅកន្លែងព្យាបាល ជាហេតុធ្វើឲ្យកង្ហារមិនដំណើរការ។ ដូច្នេះហើយអ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅទីនោះ ក៏បានព្យាយាមរត់ចេញពីអគារ ដោយសារតែស្ថានភាពក្តៅស្អុះស្អាប់ និងមនុស្សច្រើនកកកុញពេក។

សូមបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបចំពោះហេតុការណ៍ខាងលើ កងកម្លាំងប៉ូលិស ទាហាន និងបុគ្គលិកសុខាភិបាល ត្រូវបានដាក់ពង្រាយ ដើម្បីគ្រប់គ្រងស្ថានការណ៍ទីនោះ ដែលគិតត្រឹមព្រឹកថ្ងៃសុក្រនេះ គឺមិនទាន់ដោះស្រាយបានទាំងស្រុងនៅឡើយទេ៕