អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធីដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលបណ្តាញសារព័ត៌មានចុះផ្សាយថា មានគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក ដែលជាដីរបស់រដ្ឋ ស្ថិតនៅស្រុកស្រែអំបិល

ខេត្តកោះកុង ៖លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុងតំណាងលោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃអង្គារទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលបណ្តាញសារព័ត៌មានបានចុះផ្សាយថា មានគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹក ដែលជាដីរបស់រដ្ឋ មានទីតាំងស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ 

បន្ទាប់ពីចុះពិនិត្យទីតាំងដីជាក់ស្តែង និងតាមការបង្ហាញផែនទីគំនូសបង្ហាញទីតាំងដីពីមន្ត្រីជំនាញមន្ទីរបរិស្ថាន ឃើញថា កាលពីមុនមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារ ធម្មជាតិ និង របៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង ទីតាំងដីនេះ ស្ថិតនៅក្នុងតំបន់សហគមន៍នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ប៉ុន្តែបន្ទាប់ពីមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះក្នុងភូមិសាស្ត្រខេត្តកោះកុងដោយអនុក្រឹត្យ លេខ ៣០អនក្រ.បក ទីតាំងដីនេះគឺស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុងបានណែនាំឱ្យ៖
១- រដ្ឋបាលស្រុកស្រែអំបិល ធ្វើរបាយការណ៍លម្អិតអំពីករណីនេះ មករដ្ឋបាលខេត្ត។
២-លោកមេភូមិ មេឃុំ ត្រូវចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានព្រៃយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិដីរបស់បុគ្គលឯកជនពីសំណាក់ជនខិលខូច។ ៣-ចូលរួមថែរក្សាការពារព្រៃកោងកាងនិងព្រៃលិចទឹកឱ្យបានគង់វង្ស និងត្រូវរាយការណ៍ទៅរដ្ឋបាលស្រុកជាបន្ទាន់៕ By H.N