៣ថ្ងៃនៃវិធានការបម្រាមគោចរនៅភ្នំពេញ ឃាត់បានយានយន្តចម្រុះ ១៦៥គ្រឿង

ភ្នពេញ ៖ ក្រោយអភិបាលរាជធានីភ្នំពេញ ចេញវិធានការ ផ្អាកចរាចរណ៍ និងការជួបជុំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង ៥ទៀបភ្លឺដែល ចាប់អនុវត្តន៍ចាប់ថ្ងៃទី១ ដល់១៤ ខែមេសា ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី៤ ខែមេសា នេះ សមត្ថកិច្ចដែលចុះអនុវត្តន៍ក្នុងប្រតិបត្តិការបម្រាមគោចរ  គិតចាប់ពីថ្ងៃទី២ មកដល់ថ្ងៃទី៤ ខែមេសា សមត្ថកិច្ចបានឃាត់យានយន្តចម្រុះមករក្សាទុកបានចំនួនសរុប ១៦៥គ្រឿង ក្នុងនោះមានម៉ូតូ ១៣៨គ្រឿង និងរថយន្ត ២៧គ្រឿង។

ភ្នំពេញ ៖ លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី៥ មេសា ឆ្នាំ២០២១ នេះថា ៖ គិតត្រឹមថ្ងៃនេះ សេចក្តីសម្រេចបម្រាមគោចរ មានយ:ពេល ៤ថ្ងៃ ប៉ុន្តែជាក់ស្តែងថ្ងៃទី១ យប់ដំបូង យើងគ្រាន់តែធ្វើការចុះផ្សព្វផ្សាយណែនាំអប់រំទេ ។ មានន័យថាយើង អនុវត្តន៍ធ្វើការចាប់យានយន្តនោះ មាន ៣ថ្ងៃគឺនៅយប់ថ្ងៃទី២ ទី៣ និងទី៤ ដែលគិតរយ:ពេល ៣យប់នេះយើងបានឃាត់យានយន្តបានសរុបចំនួន ១៦៥គ្រឿង ក្នុងនោះមានម៉ូតូ ១៣៨គ្រឿង និងឡាន ២៧គ្រឿង»។

លោកបន្តថា យប់ថ្ងៃទី២ ឃាត់បាន ៧៣គ្រឿង យប់ថ្ងៃទី៣ ឃាត់បាន ៨២គ្រឿង និងយប់ទី៤មានការថយចុះច្រើនគឺមានតែ ១០គ្រឿងទេ។ សម្រាប់ម្ចាស់យានយន្តដែលសមត្ថកិច្ចឃាត់យកទៅរក្សាទុកនោះ ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃរួចទើបមានសិទ្ធទៅយកយានយន្ត របស់ខ្លួនដែលសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ វិញបាន៕