ខេត្តកំពង់ចាម៖ គ្រាប់ទម្លាក់ពីលើយន្តហោះ ដែលសល់ពីសម័យសង្រ្គាមកប់នៅក្នុងដីស្រែ ត្រូវបានកម្លាំងសមត្ថកិច្ចសហការ ជាមួយជំនាញស៊ីម៉ាក នាព្រឹក ថ្ងៃទី២៥មីនា ២០២១ មកទទួលយកត្រង់ចំណុច ស្ពានត្រស់ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ។
លោកវរសេនីយ៍ឯក សំ ណាល អធិការនគរបាលស្រុកបាធាយប្រាប់ឲ្យដឹងថា: កសិករដែលមានដីស្រែនៅម្ដុំស្ពានត្រស់ បានបូមទឹកដាក់ស្រែប្រាំងកាលពីថ្ងៃ ទី២៤មីនា លុះពេលដែលទឹកស្រកដល់បាតក៏ប្រទះឃើញគ្រាប់មួយធំ និងមិនហ៊ានទៅក្បែរនោះទេព្រោះខ្លាចផ្ទុះបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។ភ្លាមៗនោះគាត់បានរាយការណ៍មកកម្លាំងនគរបាលឲ្យបានដឹងនិងបានចុះទៅហុំព័ទ្ធ ដោយមិនឲ្យអ្នកណាម្នាក់ចូលទៅក្បែរនោះទេ។ ករណីស្រដៀងនេះគឺមានជាច្រើនមកហើយក្រោមកិច្ចសហការជាមួយនឹងជំនាញស៊ីម៉ាក់(CMAC) ចុះប្រមូលនៅស្រុកបាធាយ។
អធិការនគរបាលស្រុកបាធាយ ប្រាប់បន្តថា រូបលោកបានរាយការណ៍ទៅឧត្តម សេនីយ៍ស្នងការនគរបាលខេត្តឱ្យបានដឹង និងរាយការណ៍បន្តទៅអង្គការស៊ីម៉ាក់ ដែលមានស្នាក់ការប្រចាំនៅឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឲ្យបានដឹង។រហូតមកដល់ព្រឹកថ្ងៃទី២៥ មីនា អង្គការស៊ីម៉ាក់ បានមកយកគ្រាប់MK.82 ចំនួន១គ្រាប់ មានប្រវែង 1,50mទំងន់210Kg ជាប្រភេទគ្រាប់ទំលាក់ពីលើ យន្តហោះ កប់ក្នុងដីជំរៅ2m នៅចំណុចខាងលិចស្ពានត្រោះចំងាយ៤០ម៉ែត្រ ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ។
ចំណែកមន្ត្រីអង្គការស៊ីម៉ាកវិញប្រាប់ឲ្យដឹងថា គ្រាប់ទម្លាក់ពីលើយន្តហោះនេះ នៅក្នុងអំឡុងសម័យសង្គ្រាម ១៩៧០-១៩៧៣ ទំលាក់ចុះមកក្រោមដោយមិន ទាន់ផ្ទុះហើយតាមការចុះពិនិត្យដោយផ្ទាល់គ្រាប់នេះនៅមានគុណភាពនៅឡើយ។ត្រូវបានដឹកតាមរថយន្តយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅខេត្តកំពង់ឆ្នាំង ដើម្បីនឹងត្រៀមកំទេចចោល។ សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០២១ កន្លងទៅអង្គការស៊ីម៉ាក់បានចុះយកគ្រាប់ដែលបន្សល់ទុកពីសម័យ
សង្គ្រាមទាំងលើដីនិងក្រោមដីបានជាច្រើន។ មួយវិញទៀតប្រសិនបើប្រជាពលរដ្ឋឃើញគ្រាប់មិនទាន់ផ្ទុះនៅកន្លែងណាមួយគឺមិនត្រូវយកដៃទៅប៉ះពាល់នោះទេ ប្រញាប់រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យអង្គការស៊ីម៉ាក់ ទៅទទួលយក មកកំទេចចោល។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនឆ្នាំ ដែលជាហេតុធ្វើឲ្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាយប៉ាយស្ទើរពាសពេញផ្ទៃប្រទេស និងបានបណ្ដាលឱ្យមនុស្សពិការ និងស្លាប់ជារៀងរាល់ឆ្នាំ៕