ព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» បិទទីតាំង២៣កន្លែង ខណៈអ្នកឆ្លងកូវីដ-១៩ កើនដល់៧៦នាក់

ភ្នំពេញ ៖ ក្រោយមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» អជ្ញាធរប្រកាសបិទទីតាំងចំនួន ២៣កន្លែងជាបណ្តោះអាសន្នគិតត្រឹមថ្ងៃចន្ទនេះ ខណៈចំនួនអ្នកឆ្លងកូវីដ-១៩ទៅក្នុងសហគមន៍ បានកើនឡើងសរុបដល់ ៧៦នាក់ បន្ទាប់ពីបានរកឃើញឆ្លងថ្មីចំនួន ៣១នាក់ទៀតកាលពីថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញ។

បើតាមរបាយការណ៍បានឱ្យដឹងថា នៅក្នុងចំណោមករណីឆ្លងទៅក្នុងសហគមន៍ជាលើកទី៣ នេះ ក៏មានជនជាតិខ្មែរចំនួន ១១នាក់ផងដែរ។

ការបិទកន្លែងកំសាន្តទាំងនេះ គឺធ្វើឡើងស្របតាមសំណើរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២១កុម្ភៈដែលបានចេញលិខិតជម្រាបទៅអភិបាលរាជធានីភ្នំពេញឲ្យបិទអាជីវកម្មក្លឹបកំសាន្ត និងKTV ដោយធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ដើម្បីការពារការឆ្លងកូវីដ១៩។

បន្ថែមពីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសម្រេចផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០នាក់ នៅតាមសាលារៀនរដ្ឋ និងឯកជន។ ការសម្រេចនេះ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលក្រសួងបានសម្រេចបិទសាលារៀនយ៉ាងហោចណាស់ ៧សាលា រួមមាន៖ ១-សាលាឯកជន SIS នៅជិតផ្សារដើមគ ២-វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ៣-អនុវិទ្យាល័យឫស្សីជ្រោយ ស្រុកស្អាង ៤-សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកស្អាង ៥-អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ៦-សាលាបឋមសិក្សាកូលាបទី១ និង៧-សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។

អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងបិទហាងខារ៉ាអូខេ ឡូហ្ស៊ិក២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឯកឩត្តមក៏បានចាត់អោយកម្លាំងបញ្ជូនបុគ្គលិកបំរើការងារនៅក្នុងហាងនេះប្រមាណ៧៦នាក់ ដើម្បីធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ ក្នុងក្រុងតាខ្មៅ។

សូមបញ្ជាក់ដែរថា ការចុះបិទទីតាំងហាងខារ៉ាអូខេឡូហ្ស៊ិក២នេះ គឺធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជម្ងឺកូវីដ១៩ ហើយបុរសរូបនេះមានប្រពន្ធ បម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្ស៊ិក២ ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះជាបណ្តោះអាសន្ន ដោយរកអ្នកដែលពាក់ព័ន្ធយកពិនិត្យសំណាក និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក។ចំពោះស្ត្រី ជាភរិយារបស់ឈ្មោះគង់ ចាន់ឌី ត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ដោយ ឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះស្រុកកំណើតនៅ ស្រុកកៀន ស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នដែរ៕