បន្តិចទៀត អ្នកបើកបរល្មើសច្បាប់នឹងត្រូវដកពិន្ទុរហូតមោឃភាពបណ្ណបើកបរប្រើលែងបាន

 

ភ្នំពេញ ៖ ចាប់ពី ឆ្នាំ ២០២២ តទៅ ក្រសួង មិនឲ្យ អ្នកបើកបរ ល្មើស ច្បាប់ បង់លុយ ហើយ បាន រួចខ្លួន នោះឡើយ តែ នឹង ត្រូវ ដក ពិន្ទុ តាមរយៈ App ថ្មីមួយ ហើយបើល្មើសច្រើនដង បណ្ណបើកបរនោះនឹងត្រូវមោឃភាពប្រើលែងបានតែម្តង ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន បាន ថ្លែងបញ្ជាក់យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងសាធារណការនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ ។

លោក ស៊ុន ចាន់ថុល បានបន្តថា ក្រសួងកំពុងតែរៀបចំធ្វើ App នេះ ។ នៅពេលអនុវត្តយានយន្តបើកល្មើសច្បាប់ មន្ត្រីអនុវត្តន៍ច្បាប់នឹង ស្នើសុំយកបណ្ណបើកបរ ហើយយកកម្មវិធីនេះស្កេនលើបណ្ណបើកបរ ។ បើ មានកំហុសអី ប្រព័ន្ធនៃកម្មវិធីនេះ នឹងបូក ដក ពិន្ទុភ្លាមៗដោយ ស្វ័យប្រវត្តិតែម្តង ។ នៅពេលដកពិន្ទុអស់ចំនួន ១២ពិន្ទុបណ្ណបើកបរ នោះនឹងមានតម្លៃប្រើការលែងបានតែម្តង ៕