ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានប្រកាសបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដែលរងផលប៉ះពាល់ពីការបិទ ឬព្យួរ រោងចក្រ សហគ្រាស ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានមានប្រសាសន៍ថា ការផ្តល់ជូនវគ្គបណ្តុះបណ្តាលពិសេសនេះ ដោយមិនគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែចំនួន ២០ម៉ឺនរៀល ក្នុងមួយខែ /ម្នាក់ សម្រាប់រយៈពេល ៤ខែ ដល់កម្មករនិយោជិតដែលបានព្យួរការងារ និងបាត់បង់ការងារដោយសារវិបត្តិកូវីដ១៩ លើមុខជំនាញបច្ចេកទេសនិងវិជ្ជាជីវៈសំខាន់ៗ រួមមាន វិស័យសំណង់ អគ្គិសនី មេកានិក កម្មន្តសាល ធុរកិច្ចនិងព័តមានវិទ្យា និងទេសចរណ៍ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
សូមបញ្ជាក់ថា បច្ចុប្បន្ន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានចំនួន១២ ដែលកំពុងផ្តល់ការបណ្តុះបណ្តាលកម្មវិធីខាងលើ ហើយបានជ្រើសរើសសិស្សឱ្យចូលរៀនចំនួនជាង ៣,៣០០នាក់ ធៀបជាមួយនឹងផែនការបណ្តុះបណ្តាលសរុបចំនួន ៦,៥០០នាក់៕