អ្នកជាប់ឃុំមានចំនួនជិត៩០នាក់ ត្រូវបានផ្ទេរចេញពីខេត្តក្រចេះ មកយកមកឃុំនៅខេត្តស្ទឹងត្រែងវិញ

ខេត្តស្ទឹងត្រែង ៖ អ្នកជាប់ឃុំចំនួន ៨៧នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ សម្រេចផ្ទេរចេញពីពន្ធនាគារខេត្តក្រចេះ មកឃុំខ្លួននៅក្នុងពន្ធនាគារនៃខេត្តស្ទឹងត្រែង។ ការផ្ទេរអ្នកជាប់ឃុំទាំងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ ម្សិលមិញ។

បើតាមការបញ្ជាក់ប្រាប់ពីលោក ឈុន ដារ៉ា នាយកពន្ធនាគារខេត្តស្ទឹងត្រែងបានឲ្យដឹងថា៖វាពិតជាមានការផ្ទេរអ្នកទោសចេញពីពន្ធនាគារខេត្តក្រចេះ មកខេត្តស្ទឹងត្រែងមែន ដោយក្នុងនោះមានអ្នកទោសចំនួន ៨៧នាក់។ ហើយការផ្ទេរនេះដែរ គឺធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីពន្ឋនាគារខេត្តក្រចេះ ទៅអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ក្នុងនោះ ថ្នាក់លើក៏បានសម្រេចដឹកអ្នកទាំងនោះមកឃុំខ្លួនបន្តក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។

លោក នុត សាវនា នាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួង មហាផ្ទៃក៏បានបញ្ជាក់ប្រាប់ដែរថា៖ការផ្ទេរអ្នកជាប់ឃុំមានចំនួន៨៧នាក់ចេញពីក្នុងពន្ធនាគារខេត្តក្រចេះមកកាន់ខេត្តស្ទឹងត្រែង ដោយសារនៅក្នុងពន្ធនាគារខេត្តក្រចេះ មានចំនួនអ្នកជាបឃុំរហូតដល់ទៅ ៧០៧នាក់។ ឯបច្ចុប្បន្ន ពន្ធនាគារនៅខេត្តក្រចេះ អាចដាក់អ្នកជាប់ឃុំបានក្រោម៤០០ នាក់ប៉ុណ្ណោះ ពីព្រោះទីតាំង មានលក្ខណៈតូចចង្អៀត។

ដោយឡែកពន្ធនាគារនៅខេត្តស្ទឹងត្រែង មានលក្ខណៈធំទូលាយនិងមានការសង់អគារបន្ថែមជាបន្តបន្ទាប់ ដើម្បីដាក់អ្នកជាប់ឃុំបានចំនួនច្រើន។ ម្យ៉ាងទៀត ពន្ធនាគារខេត្តក្រចេះ និងពន្ធនាញារខេត្តស្ទឹងត្រែង ស្ថិតនៅភូមិភាគឥសាន្តតែមួយ ដូច្នេះវាបង្កលក្ខណៈងាយស្រួលដល់សាច់ញាតិ្តអ្នកជាប់ឃុំ បានទៅមកសួរសុខទុក្ខ។

លោកនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់បន្ថែមថា លើសពីនេះ ការនាំខ្លួនអ្នកជាប់ឃុំឡើង សាវនាការទៅសាលាដំបូងខេត្ត ក្នុងតំបន់ជិតគ្នាក៏កាន់តែមានលក្ខណៈងាយស្រួលផងដែរ៕ ដោយ ទេព ប៊ុនថា