អង្គការ WWF បានរាយការណ៍ថា ក្រុមអ្នកជំនាញមកពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកវិទ្យាសាស្រ្តនៃអង្គការ WWF កាលពីថ្ងៃទី២៥ ខែធ្នូ ១ ឆ្នាំ២០២០ បានថតរូបកូនសត្វផ្សោតដែលទើបនឹងកើតថ្មី ខណៈពេលដែលកូនសត្វផ្សោតមួយក្បាលនេះ កំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួន ០៧ ក្បាលផ្សេងទៀត នៅទីតាំង កាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្ដក្រចេះ។ នេះបើយោងតាម ។
អង្គការ WWF បានឱ្យដឹងថា កាំពីគឺជាអន្លង់សត្វផ្សោតសំខាន់មួយក្នុងចំណោមអន្លង់សំខាន់ៗ ផ្សេងទៀត ស្ថិតនៅចន្លោះពីទីរួមខេត្តក្រចេះ និងព្រំដែនកម្ពុជា-ឡាវ ដែលផ្តល់ជាទីជម្រកដ៏ចាំបាច់សម្រាប់ការរស់នៅរបស់ថនិកសត្វទឹកសាបប្រភេទ រងគ្រោះជិតផុតពូជមួយនេះ។ ក្រុមស្រាវជ្រាវបានប៉ាន់ប្រមាណថាសត្វផ្សោតដែលទើបនឹងកើតថ្មី នេះមានអាយុប្រមាណ ៤ ថ្ងៃ (មកទល់ថ្ងៃនេះ) ហើយជាកូនផ្សោតទី ៩ ដែលត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាទុកក្នុងឆ្នាំ ២០២០ នេះ។ យោងតាមរបាយការណ៍ជំរឿនសត្វផ្សោត ឆ្នាំ ២០២០ បានបង្ហាញថា ចំនួនសត្វផ្សោតសរុបមានត្រឹម ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ។
មន្ត្រីជំនាញបានលើកឡើងថា ការការពារសត្វផ្សោត អ៊ីរ៉ាវ៉ាឌី ឱ្យស្ថិតនៅគង់វង្ស គឺមានសារៈសំខាន់ណាស់មិនត្រឹមតែសម្រាប់សត្វផ្សោតខ្លួនវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជាអត្ថប្រយោជន៍ដល់ទន្លេមេគង្គទាំងមូលផងដែរ រាប់បញ្ចូលទាំងត្រីដែលត្រូវបាន អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាមានចំនួនជាង ១ ១០០ ប្រភេទ និងប្រព័ន្ធជីវៈអេកូឡូស៊ីដ៏សម្បូរបែបដទៃទៀត នៅក្នុងទន្លេនេះ៕