វ៉ាក់សាំងរបស់ក្រុមហ៊ុនភីហ្វាយហ្ស័រ និងក្រុមហ៊ុនបាយអូអេនធិច លើកទី១បានទៅដល់ប្រទេសកាណាដាហើយ

នាយករដ្ឋមន្រ្តីកាណាដា លោកចាស្ទីន ទ្រូឌៀ បាននិយាយថា វ៉ាក់សាំងជំងឺកូវីដ ១៩ ដំបូងបានទៅដល់ប្រទេសកាណាដា ហើយប្រជាជនកាណាដាមួយចំនួន អាចទទួលបាន វ៉ាក់សាំងនៅថ្ងៃច័ន្ទនេះ។

នៅសប្តាហ៍នេះ ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ក្លាយជាប្រទេសលោកខាងលិចដំបូងបង្អស់ បន្ទាប់ពីចក្រភពអង់គ្លេស ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ។ លោក ទ្រូឌៀ បាននិយាយនៅលើបណ្តាញសង្គម ធ្វីសធ័រថា វ៉ាក់សាំងកូវីដ១៩ ដំបូង បានទៅដល់ប្រទេសកាណាដាហើយ ។ វ៉ាក់សាំងដំបូងចំនួន ៣ម៉ឺនដូសនឹងត្រូវបញ្ជូនទៅកាន់១៤ កន្លែង នៅទូទាំងប្រទេសកាណាដា។ អ្នកដែលងាយរងគ្រោះបំផុត រួមទាំងមនុស្សចាស់ជរានៅក្នុងមណ្ឌលថែទាំរយៈពេលវែង និងបុគ្គលិកថែទាំសុខភាពនឹងក្លាយជាមនុស្សដំបូងដែលទទួលបានវ៉ាក់សាំងនេះ។

វ៉ាក់សាំងទាំងនេះ បានចាកចេញពីប្រទេសបែលហ្ស៊ិក និងបានទៅដល់ប្រទេសអាឡឺម៉ង់ និងសហរដ្ឋអាមេរិក មុនពេលត្រូវបានបែងចែកបញ្ជូនទៅផ្នែកផ្សេងៗ នៃប្រទេសកាណាដា។ ដោយព្យាករណ៍ពីការរីករាលដាលមេរោគយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលរលកទី ២អាជ្ញាធរសុខាភិបាលរបស់ប្រទេសកាណាដាបានអំពាវនាវឲ្យខេត្តនានាដាក់ការរឹតបន្តឹង មុនពេលរដូវកាលវិស្សមកាល។ ប្រទេសនេះមានករណីឆ្លងមេរោគជាង៤សែនករណី ហើយមន្ត្រីសុខាភិបាលបាននិយាយថា ប្រទេសកាណាដាអាចនឹងមានករណីថ្មីចំនួន ១២០០០ ករណីក្នុងមួយថ្ងៃ នៅខែមករា៕