ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេចដករូបថតអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចេញពីក្នុងសេចក្តីប្រកាសព័ត៌មាន គឺជាផ្នែកមួយនៃការគោរពសិទ្ធបុគ្គល ហើយការដាក់រូបថតនេះ គឺអំឡុងពេលនៃសកម្មភាពប្រតិបត្តិការរុករក។ នេះបើតាមការឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មានរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា “យើងដាក់រូបថត នៅពេលដែលកំពុងរុករកប៉ុណ្ណោះ តែពេលនេះ ពុំត្រូវការទៀតទេ ដោយយើងត្រូវគោរពសិទ្ធិបុគ្គលផងដែរ ប៉ុន្តែក្នុងអំឡុងពេលនេះ គឺយើងត្រឹមដាក់ឈ្មោះ សិន ហើយនៅពេលដែលយើងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នោះ ក្រសួងនឹងបន្តដកទាំងឈ្មោះអ្នកវិជ្ជមានផងដែរ”។
ការថ្លែងដូច្នេះរបស់លោកជំទាវវេជ្ជបណ្ឌិត គឺពុំមែនមានន័យថា ក្រសួងសុខាភិបាលគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៃព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» នោះទេ ប៉ុន្តែគឺស្ថានភាពនៃការរកឃើញអ្នកវិជ្ជមាន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» បច្ចុប្បន្ននេះ គឺមានការថមថយខ្លះៗហើយ។ ម្យ៉ាងគឺត្រូវគោរពសិទ្ធិបុគ្គលផងដែរ ព្រោះថា ពុំមាននរណាម្នាក់ចង់ឱ្យមានការឆ្លងមកលើខ្លួនឯង ឬចម្លងទៅអ្នកដទៃនោះទេ ប៉ុន្តែទោះជាយ៉ាងនេះ ក៏ដោយ ក៏លោកជំទាវវេជ្ជបណ្ឌិតនៅតែទទូច សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះថា វីរុសនេះ បានឆ្លងចូលទៅក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយក៏នៅមានហានិភ័យខ្ពស់នៅឡើយ។
លោកជំទាវ ក៏បានស្នើថា កុំទាន់មានការសន្និដ្ឋានវាយតម្លៃពីព្រឹត្តិការណ៍នេះឱ្យសោះ ហើយត្រូវរងចាំការវាយតម្លៃពីក្រសួងសុខាភិបាលវិញ៕