ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រសៀលថ្ងៃទី២៧ ខែសីហា បានរៀបចំធ្វើសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការបញ្ជៀបការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងអាកាសធាតុទៅក្នុងសេចក្តីសម្រេចវិនិយោគ” ដោយមានការ ចូលរួមពីមន្រ្តីជាន់ខ្ពស់កម្រិតបច្ចេកទេស តំណាងឱ្យក្រសួង/ស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ២០ ក្រសួង/ស្ថាប័ន ក្នុង គោលដៅប្រមូលនូវមតិយោបល់ពីសិក្ខាកាម ដែលជាធាតុចូលដ៏សំខាន់បន្ថែមពីការជួបពិភាក្សាផ្ទាល់ និងការទទួល បានទិន្នន័យ និងព័ត៌មានពីក្រសួង/ស្ថាប័ន នាពេលកន្លងមក ទៅលើសេចក្តីព្រាងរបាយការណ៏ស្តីពី “ការបញ្ជ្រៀបការ គ្រប់គ្រងហានិភ័យ និងអាកាសធាតុទៅក្នុងសេចក្តីសម្រេចវិនិយោគ” ដែលជាផ្នែកមួយសំខាន់នៃការសិក្សាអំពីសមិទ្ធ លទ្ធភាពនៃការអនុវត្តគម្រោងធានារ៉ាប់រងហានិភ័យគ្រោះមហន្តរាយនៅអាស៊ីអាគ្នេយ៏ ដែលហៅកាត់ថា SEADRIF នៅកម្ពុជា។
មានប្រសាសន៍ក្នុងសិក្ខាសាលានេះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន គូសបញ្ជាក់ថា សេចក្តីព្រាងរបាយការណ៏នេះ ផ្តោតសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពក្នុងការអនុវត្តលើការគ្រប់ គ្រងនូវហានិភ័យគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលមានរំលេចនូវចំណុចស្នូល សំខាន់ៗចំនួន៤ គឺ៖ ការវាយតម្លៃហានិភ័យគ្រោះមហន្តរាយ, ការកាត់បន្ថយគ្រោះមហន្តរាយ, ការធ្វើហិរញ្ញប្បទាន ហានិភ័យគ្រោះមហន្តរាយ ព្រមទាំងការស្តារឡើងវិញឆ្លើយតបទៅនឹងហានិភ័យ។ ឯកឧត្តមថាគោលបំណងសំខាន់នៃ ការរៀបចំឱ្យមានរបាយការណ៏ស្រាវជ្រាវនេះ គឺដើម្បីបង្កើតជាឯកសារមូលដ្ឋានសម្រាប់ជាទិសដៅ ដែលក្រសួង/ស្ថាប័ន ពាក់ព័ន្ធអាចយកមកពិចារណា និងអនុវត្តក្នុងយន្តការនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ បន្ទាប់ពីទទួលបាន មតិយោបល់ និងអនុសាសន៏ពីសិក្ខាកាមតំណាងឱ្យក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបូក សរុបលទ្ធផលទទួលបានពីអង្គសិក្ខាសាលា និងធ្វើការកែលម្អឱ្យល្អប្រសើរបន្ថែមទៅក្នុងសេចក្តីព្រាងរបាយការណ៏ ហើយនឹងរៀបចំសិក្ខាសាលាជាលើកទី២ ដើម្បីចែករំលែកនូវអនុសាសន៏ នៅក្នុងខែកញ្ញា ឆ្នាំ២០២០ខាងមុខ៕