ស្វាយរៀង ៖ សត្វគោ ក្របី បានងាប់បន្តបន្ទាប់ជាង ២០ក្បាល ក្នុងចំណោមសត្វឈឺជាង ១០០ក្បាល ដោយសារជំងឺសារទឹក និងបូសខ្យល់ ដែលបានកំពុងកើតមានឡើងនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បន្ទាប់ពីមានហេតុការណ៍នេះ មន្ត្រីជំនាញពេទ្យសត្វ បានចុះទៅព្យាបាល និងតាមដានរកមូលហេតុនៃការឆ្លងនេះ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលបន្តទៀត។
លោក ប៉ែន ចន្ធី ប្រធានការិយាល័យបសុពេទ្យ ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានប្រាប់ថា គោ ក្របី ដែលឈឺកន្លងមក បានព្យាបាលជាសះស្បើយមួយចំនួនហើយ តែព្រឹកនេះ មន្ត្រីជំនាញ បានចុះមកតាមដានចែកថ្នាំជូនអ្នកស្រុកជាថ្មីទៀត ដើម្បីបាញ់សម្លាប់មេរោគដល់លំនៅឋានពលរដ្ឋជាង ១០០គ្រួសារ ដែលបានចិញ្ចឹមគោ ក្របី សរុបជាង ១ពាន់ក្បាល ដែលពួកគាត់រាយការណ៍ថា មានសត្វគោ ក្របី បានឆ្លងជំងឺនេះជាថ្មីទៀត។
លោក ប៉ែន ចន្ធី បញ្ជាក់ថា ការផ្ទះជំងឺសារទឹកនេះ បានកើតឡើងតាំពីដើមខែសីហា មកម្ល៉េះ ដោយបានសម្លាប់គោ ក្របី ចំនួន ២២ក្បាល ក្នុងចំណោមសត្វឈឺជាង ១០០ក្បាល នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង តែប៉ុណ្ណោះ ហើយបើអ្នកស្រុកបណ្តោយឲ្យគោ ក្របី ងើបពីឈឺទៅចូលហ្វូង គោ ក្របី របស់ពលរដ្ឋមកពីឃុំផ្សេងៗទៀតដែលមិនបានចាក់វ៉ាក់សាំង វា នឹងឆ្លងឈឺថែមទៀតជាមិនខាន ដូច្នេះ សូមប្រជាពលរដ្ឋយកចិត្តទុកដាក់ពីចំណុចនេះ ដើម្បីជៀសវាងការឆ្លងរាលដាលបន្តពីមួយទៅមួយ និងពីតំបន់មួយទៅតំបន់មួយទៀត៕