បួនថ្ងៃក្នុងឱកាសឈប់សម្រាកមានទេសចរជាតិ អន្តរជាតិ ជាង ១,១លាននាក់ ចេញដំណើរកម្សាន្តនៅទូទាំងកម្ពុជា

ក្នុងថ្ងៃទីបួន(២០ ខែសីហា) នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដំណើរកម្សាន្តទៅតាមតំបន់នានានៅទូទាំងប្រទេសមានចំនួន ៣៣៤.៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២,៨៦% បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០,៦៨% និងបើធៀបនឹងថ្ងៃទីមួយ កើនឡើងចំនួន ៤៣,៣១%។ សរុបរយៈពេលបួនថ្ងៃនៅទូទាំងប្រទេសមានភ្ញៀវជាង ១,១លាននាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣៣៤.៣៩១នាក់នេះ មានភ្ញៀវជាតិចំនួន ៣៣១.៨៣៦នាក់ និងភ្ញៀវអន្តរជាតិចំនួន ២.៥៥៥នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនទៅកម្សាន្ត រួមមាន ៖ ខេត្តសៀមរាប ៖ ៤៥.៣០១នាក់ ; ខេត្តកែប ៖ ៣៧.៦៧២នាក់ ; ខេត្តខេត្តកំពត ៖ ៣៥.៣០១នាក់ ; ខេត្តបាត់ដំបង ៖ ៣៤.៩៩០នាក់, ខេត្តព្រះសីហនុ ៖ ២៧.០២០នាក ; ខេត្តពោធិ៍សាត់ ៖ ១៧.០៦១នាក់ ; ខេត្តកោះកុង ៖ ១៣.៤១១នាក់ ; ខេត្តកណ្តាល ៖ ១២.៥៥១នាក់ ; ខេត្តព្រះវិហារ ៖ ១២.៤៤៨នាក់ ; ខេត្តកំពង់ឆ្នាំង ៖ ១០.៩១៧នាក់ និងខេត្តរតនគិរី ៖ ១០.២២៨នាក់។

សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី២០ ខែសីហា គឺមានចំនួន ១.១៦៩.៨២៤នាក់។ ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕ (ប្រភព ៖ ក្រសួងទេសចរណ៍)