សមាជិកក្រុមប្រឹក្សាសន្តិសុខ UN បង្ហាញការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាម ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល

(យូអិន)៖ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា (ម៉ោងក្នុងទីក្រុងញូវយ៉ក) បានអំពាវនាវឱ្យបង្កើនកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បី បញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា នៅលីបង់ និងការធ្វើឃាតមេដឹកនាំនយោបាយ ក្រុមហាម៉ាសក្នុងប្រទេសអ៉ីរ៉ង់ កំពុងរុញតំបន់ទាំងមូលទៅកាន់មាត់ជ្រោះនៃសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជុំវិញភាពតានតឹងនេះដែរ ឯកអគ្គរដ្ឋទូតរងជប៉ុន លោកស្រី Shino Mitsuko បានបង្ហាញការព្រួយបារម្ភថាតំបន់មជ្ឈិមបូព៌ាទាំងមូលកំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាម ពេញទំហឹងមួយ ហើយបានជំរុញឱ្យមានកិច្ចប្រឹងប្រែងជាអន្តរជាតិដើម្បីទប់ស្កាត់សង្រ្គាមបែបនេះកុំឱ្យផ្ទុះឡើង។ ព្រមពេលជាមួយគ្នា ចិន រុស្ស៉ី និងអាល់ហ្សេរី និងប្រទេស មួយចំនួនទៀតបានថ្កោលទោសការធ្វើឃាតលោក Haniyeh ដែលត្រូវបានឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំ UN ហៅថាជាអំពើភេរវកម្ម ខណៈសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង នាំគ្នាលើកឡើងពីសកម្មភាពរបស់អ៉ីរ៉ង់ដែលបង្កអស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា មេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយ កាលពីព្រឹកថ្ងៃពុធ នៅរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ ជាទីដែលលោកបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនៃប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់។ ក្រុមហាម៉ាស និងអ៉ីរ៉ង់បានចោទប្រកាន់ថាការធ្វើឃាតលោក Haniyeh គឺជាទង្វើ របស់អ៉ីស្រាអែល និងបានព្រមានថានឹងសងសឹកអ៉ីស្រាអែល ដែលនេះបាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងពីផ្ទុះរាលដាលសង្រ្គាមហ្កាហ្សា​ទៅជាសង្រ្គាម ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ អ៉ីស្រាអែលមកទល់នឹងពេលនេះ មិនបានប្រកែក ហើយក៏មិនបានទទួលស្គាល់នោះដែរ បើទោះជាកន្លងមកធ្លាប់បានប្រកាសថានឹងតាម សម្លាប់មេដឹកនាំហាម៉ាស ក្នុងនោះរួមមានទាំងលោក Haniyeh ក៏ដោយ។

ការធ្វើឃាតលោក Haniyeh កើតមានឡើងមិនដល់២៤ម៉ោងស្រួលបួលផង បន្ទាប់ពីអ៉ីស្រាអែលបានអះអាងថាបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេសបូឡាម្នាក់ នៅក្នុង ការវាយប្រហារតាមផ្លូវអាកាសមួយលើជាយទីក្រុងបេរូត ប្រទេសលីបង់ ជាការសងសឹកទៅនឹងការវាយប្រហារលើតំបន់ Golan Heights គ្រប់គ្រងដោយអ៉ីស្រាអែល៕