ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤

Oplus_131072

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើក​វេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។

Oplus_131072

នេះជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃ​វេទិកាស្ត្រីជាសហគ្រិន​ និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។ វេទិកានេះ ​ជាឱកាសល្អមួយ​សម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា ​និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យកម្សាន្តនៅកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្ររាជរដ្ឋាភិបាល​ ដែល​ដឹកនាំដោយសម្តេច​ធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យជំនួញនានា ដើម្បីការរីកចម្រើនលូតលាស់ទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ប្រកបដោយចេរភាព និងវឌ្ឍនភាព។

វេទិកាសហគ្រិន​ និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណជាង៣០០នាក់។

កម្មវិធី ASEAN Women Entrepreneurs Network Award (AWEN Award) ត្រូវបានបង្កើតឡើង ក្នុងគោល​បំណងតំណាងឱ្យស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ នៅក្នុងរដ្ឋជាសមាជិកអាស៊ានដោយផ្ដោតទៅលើ៖ ការបង្កើតវេទិកាក្នុងតំបន់,​ ការគាំទ្រសហគ្រិនស្ត្រីអាស៊ាន ឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង​, ផ្តល់ឱកាសឲ្យសហគ្រិនទាំងនេះ បង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ, បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានា ឱ្យទទួលបានជោគជ័យ។ ចំណែក ​AWEN Award Night គឺជាព្រឹត្តិការណ៍មួយ ដែលបានបង្កើតឡើងដោយ AWEN «ASEAN WomenEntrepreneur Network» តាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ាន បានទទួលពានរង្វាន់ជាច្រើន។

សហគ្រិនស្រ្តីឆ្នើមកម្ពុជា ​ទទួលបានពានលើសពី៦០នាក់ ដែលបានទទួលពាននៅបណ្តាប្រទេសមិត្តអាស៊ាន។​ ចំណែកឆ្នាំនេះ សហគ្រិនប្រមាណ២២នាក់ នឹងទទួលបានពានរង្វាន់ពីវេទិកានេះ។

វេទិកានេះ នឹងផ្តល់នូវខ្លឹមសារចំណេះដឹង ព័ត៌មានពាក់ព័ន្ធសំខាន់ៗសម្រាប់ធុរជន សហគ្រិន ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា សម្រាប់យកទៅធ្វើជាប្រយោជន៍ក្នុងការប្រតិបត្តិការធុរកិច្ច ឬកិច្ចការសម្រាប់ប្រទេស ឬស្ថាប័នរបស់ខ្លួន​៕