សហរដ្ឋអាមេរិក ដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅអ៉ីរ៉ាក់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែដុនដាប

(បាកដាដ)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី៣០ ខែកក្កដា បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសមួយនៅក្នុងប្រទេសអ៉ីរ៉ាក់ ខណៈភាពតានតឹង ក្នុងតំបន់ឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីអ៉ីស្រាអែលអះអាងថាបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា ក្នុងការវាយប្រហារតាមផ្លូវអាកាស ក្នុងទីក្រុងបេរូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ប្រភពពីមន្ត្រីប៉ូលិស និងក្រុមគ្រូពេទ្យ បានប្រាប់ Reuters​ ថាការវាយប្រហារតាមផ្លូវអាកាសមួយកើតឡើងនៅខាងក្នុងមូលដ្ឋានមួយកន្លែងនៃភាគខាងត្បូង ទីក្រុងបាកដាដ ដែលត្រូវបានប្រើប្រាស់កងកម្លាំង Popular Mobilization Forces ឬហៅកាត់ថា PMF ដោយបានសម្លាប់សមាជិក៤រូប នៃចលនាប្រដាប់អាវុធមួយនេះ រីឯ ៤នាក់ទៀតបានរងរបួស។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយក្រោយការវាយប្រហារតាមផ្លូវអាកាសខាងលើ កងកម្លាំង PMF មិនបានចោទប្រកាន់ថានរណាជាអ្នកនៅពីក្រោយ ការវាយប្រហារនេះឡើយ។ ប៉ុន្តែ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ Reuters ថាសហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ក្នុងទីក្រុង Musayib ខេត្ត Babil ដោយមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ។ តាមមន្ត្រីរូបនេះដដែល ការវាយប្រហារនេះដែរមានគោលដៅលើក្រុមសកម្មប្រយុទ្ធ ដែលសហរដ្ឋអាមេរិកទទួលបានដំណឹងថាកំពុងត្រៀមប្រើដ្រូនវាយប្រហារ និងបង្កការគំរាមកំហែងដល់យោធាអាមេរិក រួមទាំងក្រុមចម្រុះ៕