(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវចំណាត់ការដ៏ឆាប់រហ័ស ក្នុងការសម្រួលលក្ខខ័ណ្ឌចាយក្រដាសប្រាក់ដុល្លារចាស់ ប្រឡាក់ ឬខូចខាតខ្លះនៅខេត្តសៀមរាប។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារមានខ្លឹមសារដូច្នេះថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញ នូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌ សម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។
បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។
ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។
ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់ នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត»។
សូមជ្រាបថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ចេញនូវយន្តការបន្ទាន់ចំនួន៤ និងយន្តការបន្តទៀត។
ពាក់ព័ន្ធយន្តការបន្ទាន់ ដែលត្រូវអនុវត្តនៅខេត្តសៀមរាប ធនាគារជាតិបានសម្រេចមាន៤យន្តការ៖
១៖ តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។
២៖ ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាប ត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជ នៅរាជធានីភ្នំពេញនោះទេ។
៣៖ តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប ដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែកការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួល គ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។
៤៖ រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់ និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តយន្តការបន្តទៀត។
ចំណែកឯយន្តការបន្តទៀតមាន ២យន្តការ៖
១៖ ជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់ របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា
២៖ សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដារមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ ជ្រើសរបស់ធនាគារជាតិ និងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជ និងធនាគាពាណិជ្ជ៕